កាលពីថ្មីៗនេះ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំងក្រោយពីបានទម្លាយពាក្យដែលលាក់ទុកក្នុងចិត្តជាយូរឆ្នាំនៅក្នុងកម្មវិធី TOK TALK ជាមួយ នេនទុំ។ តាមរយៈបទសម្ភាសន៍នៅក្នុងកម្មវិធីមួយនេះនៅក្រោមប្រធានបទ “តើអភិរក្ស និង អភិវឌ្ឍន៍មានន័យយ៉ាងណា” អ្នកនាង ខាត់ សុឃីម គឺអួលដើមករស្ទើរតែរកពាក្យបកស្រាយនូវសំនួរពុំចេញ។

អ្នកនាងបាននិយាយថាពាក្យថា អភិរក្ស គឺមានតែត្រឹមនឹងមាត់តែប៉ុណ្ណោះ តែអ្នកនាងមិនបន្ទោសសិល្បករ សិល្បការិនីណាម្នាក់នោះឡើយ ព្រោះពួកគាត់ធ្វើដើម្បីតម្រូវតាមទីផ្សារ។ តែទោះបីជាហត់ និងរងព្យុះភ្លៀងជាច្រើនយ៉ាងណាក្តីក៏អ្នកនាងនៅតែប្រកាន់ជំហរអភិរក្សថែរក្សាតាមដែលខ្លួននាងអាចធ្វើបាន។ អ្នកនាងក៏បានបញ្ជាក់ថា ព្រោះតែសិល្បៈទើបធ្វើឲ្យជីវិតអ្នកនាងមានថ្ងៃនេះ ហេតុដូចនេះហើយទើបអ្នកនាងចេះតែប្រឹង ទោះបីជាមានពាក្យតិះដៀលថាចៃសង្គម ម្នាក់​ឯងចង់ទូលមេឃក្តីក៏អ្នកនាងមិនខ្វល់ ធ្វើបានប៉ុណ្ណាយកប៉ុណ្ណឹង។ អ្នកនាងធ្វើគឺមិនចង់បានអ្វីច្រើននោះឡើយគ្រាន់តែចង់ដង្ហោយឲ្យបងប្អូនជាពិសេសយុវជនយុវនារីជំនាន់ក្រោយ ងាកក្រោយមកចាប់អារម្មណ៍បន្តិចពីសិល្បៈបុរាណខ្មែរដែលកំពុងតែជិតបាត់បង់សូន្យឈឹងនាពេលបច្ចុប្បន្នកាលនេះ។