នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភថវិកាពីសំណាក់អ្នកមានមុខមាត់គ្រប់ជាន់ថ្នាក់ ជាពិសេសអ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី នៅតែបន្តឈរលំដាប់ថ្នាក់លេខ១ ដោយអ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកា ១,២៩៩,៩៩៩ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ និងការងារសង្គមជាច្រើនទៀត។

គួររំលឹកថានៅដើមឆ្នាំ២០១៩ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ​បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,១៨៨,៨៨៨ ដុល្លារអាមេរិក  ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី​រួមចំណែកជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី២០១៩នេះ។ សរុបជាទឹកប្រាក់ជួយការងារសប្បុរសធម៌ក្នុងឆ្នាំ ២០១៩ នេះ  អ្នកឧកញ៉ា ហុង ពីវ បានចូលរួមបរិច្ចាគទឹកប្រាក់រហូតដល់ទៅ ៣,៤៨៨,៨៨៧ ដុល្លារអាមេរិក៕