អ្នកដឹកនាំ និងផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោក គួច ខេវិន បានបង្ហោះសារដ៏សែនចាក់ដោតចិត្តមួយការពីថ្មីៗនេះ ក្រោយពីត្រូវបានមិត្តភកិ្តជនជាតិសឹង្ហបុរីចោទសួរសំណួរដែលពិបាករកចម្លើយ។ ដោយលោកបានសរសេររៀបរាប់ថា «មានមិត្តភក្តិម្នាក់មកពីសឹង្ហបុរី បានសួរខ្ញុំថា៖​ កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយធនធានធម្មជាតិ​ មានទន្លេទឹកសាបខ្វែងខ្វាត់​ដូចជាទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន បឹងបួរ​ ព្រែក​ ស្ទឹង​រាប់មិនអស់​ មានប្រភពទឹកក្រោមដីស្ទើរគ្រប់ទីកន្លែង មានទឹកប្រភពទឹកជ្រោះធំៗ បង្កើតវារីអគ្គីសនីបាន តែហេតុអី​បានជាប្រទេសតូចមួយនេះបែរជាខ្វះថាមពលអគ្គីសនី និងខ្វះទឹកស្អាតប្រេីប្រាស់ដូច្នេះទៅវិញ?

កម្ពុជាកំពុងតែអភិវឌ្ឍ​ន៍ នៅក្នុងតំបន់អាសុី​ តេីក្រសួងផែនការ ក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹក បានរៀបចំផែនការអភិវឌ្ឍ​ន៍ជាមុន ទៅតាមកំណើន សេដ្ឋកិច្ច កំណើនប្រជាជននៅក្នុងប្រទេសរបស់ខ្លួនដែរឬអត់? ឬមួយក៏ពួករដ្ឋមន្ត្រីទាំងនោះ ដើរមួយជំហ៊ាន គិតមួយចំអាម? ឬមួយពួកគេជាមន្ត្រីរង់ចាំបញ្ជា? បើដូច្នេះមែនមន្ត្រីទាំងអម្បាលម៉ាននោះហាក់ដូចជាគ្មានសមត្ថភាពទទួលខុសត្រូវអ្វីសូម្បីតែបន្តិចសោះ?

ប្រជាជនជាអ្នកប្រើប្រាស់ អគ្គីសនី ប្រើប្រាស់ទឹក មានលុយសម្រាប់ទិញសោះ ម៉េចក៏ពិបាកជាងសុំគេប្រើ free free យ៉ាងអញ្ចឹង? ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ម្ចាស់ប្រទេសអច្ឆរិយៈមានការខ្មាស់អៀនមិត្តភក្តិបរទេស ដែលបានមកលេងខ្ញុំដល់ផ្ទះ​ តែត្រូវមកអង្គុយបក់ផ្លិត និងជួយយោងទឹកសម្រាប់ចាក់បង្គន់ទៅវិញ។ ​ហើយខ្មាសអៀនបំផុតត្រង់ពាក្យសម្តីគេថា “មានលុយហើយពិបាកទិញ” តេីមានមិត្តៗ​ ឬក៏រដ្ឋមន្ត្រីក្រសួងណា អាចផ្តល់ចម្លេីយ បានអត់ណ៎? សូមជួយ Share មួយផង ឬក៏ដូចតែសម្តីមន្ត្រី តែតែ! ស្ករស្ករ! និយាយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបប៉ុលពត អត់ទឹកស្អាត អត់ភ្លើងអគ្គីសនី ម៉េចក៏អាចរស់បាន? ហ្អើយ!!!បើអ៊ីចឹងមែននោះ?»៕