នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា​ នេះផងដែរ ថវិកាសរុបបឋម ដែលទទួលបានពីសប្បុរសជនបានចូលរួមវិភាគទានក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាសម្រាប់ឆ្នាំ២០១៩ មានចំនួន 20,757,510 USD (ម្ភៃលាន​ ប្រាំពីររយហាសិបប្រាំពីពាន់​ប្រាំរយដប់​ដុល្លាគត់​ ដុល្លាសហរដ្ឋអាមេរិក)។ សម្តេចតេជោក៏បាន ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់បានចូលរួមចំណែកជាថវិកាក្នុងសកម្មភាពកាកបាទក្រហមកម្ពុជាសំរាប់បន្តនូវសកម្មភាពមនុស្សធម៌ជាបន្តទៀត។ ការបរិច្ចាគរបស់សប្បុរសជនទាំងអស់គឺជាកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែក និងនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត សំរាប់បំរើដល់វិស័យមនុស្សធម៌៕