មនុស្សមួយចំនួនពិតជាពិបាកក្នុងការក្រោកពីព្រលឹម ដោយសារតែមូលហេតុជាច្រើនយ៉ាងដូចជា ភាពខ្ជិល ការថប់អារម្មណ៍ ឬ ភាពតានតឹង ជាពិសេសកម្រិតនៃសម្ពាធឈាមឡើងខ្ពស់ ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងគ្រប់ពេល។ ជាមួយគ្នានេះដែរ ខាងក្រោមនេះជាតិចនិកម៉ាស្សាត្រចៀកដែលជួយឲ្យអ្នកអាចក្រោកពីព្រលឹមបាន និងប្រយុទ្ធប្រឆាំងជាមួយភាពអស់កម្លាំងយ៉ាងមានប្រសិទ្ធភាព៖

ទី១.ម៉ាស្សាផ្នែកចុងខាងលើត្រចៀក៖ ចំពោះការម៉ាស្សាបែបនេះ អ្នកត្រូវយកម្រាមដៃមេ និងម្រាមដៃចង្អុល ទៅសង្កត់នៅលើឆ្អឹងខ្ចីថ្នមៗ ហើយទាញចេញពីក្បាលតិចៗ ធ្វើបែបនេះរហូតដល់អ្នកមានអារម្មណ៍ថាស្វាងពីការងងុយគេង តែអ្នកមិនត្រូវអនុវត្តនៅកន្លែងនេះញឹកញាប់ពេកទេ។

ទី២. ម៉ាស្សាផ្នែកគុម្ពត្រចៀក៖​ ប្រសិនបើអ្នកចង់ឲ្យមានភាពស្រស់ស្រាយ នៅពេលដែលក្រោកពីដំណេកនោះ​ អ្នកអាចយកម្រាមដៃចង្អុលទៅអូសនៅពីក្រោយគុម្ពត្រចៀក ខាងក្រោយ​ពីលើចុះក្រោមថ្នមៗ ព្រោះវាអាចជួយឲ្យរាងកាយរបស់អ្នកទាំងមូល​ ទទួលបានការសម្រាកគ្រប់គ្រាន់។

ទី៣. ម៉ាស្សាផ្នែកខាងចុងត្រចៀក៖ អ្នកអាចម៉ាស្សាចុងស្លឹកត្រចៀករបស់អ្នក ប្រើចលនារង្វង់ ដោយយកម្រាមដៃមេ និងចង្អុលសង្កត់ចុងត្រចៀករបស់អ្នក ឬ ទាញយឺតៗចំនួន ៥ដង វា​នឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែអ្នកត្រូវប្រាកដថាម៉ាស្សាបែបនេះដោយថ្នមៗ។

ទី៤. ម៉ាស្សានៅខាងក្រោយត្រចៀក៖ ការម៉ាស្សាបែបនេះក៏អាចជួយកាត់បន្ថយភាពអស់កម្លាំងរបស់អ្នកបានដែរ ដោយគ្រាន់តែប្រើម្រាមដៃចង្អុល ទាញចុងស្លឹកត្រចៀករបស់អ្នកពីក្រោមឡើងលើថ្នមៗ ធ្វើបែបនេះរហូតដល់អ្នកមានអារម្មណ៍ធូរស្រាលជាងមុន។