ការថែរក្សាសុខភាពដោយការញ៉ាំអាហារល្អៗ និងធ្វើលំហាត់ប្រាណយ៉ាងទៀងទាត់ ជាពិសេសទទួលទានទឹកច្រើនហើយ តែរាង្គកាយរបស់អ្នកនៅតែមានបញ្ហាមិនចេះឈប់ទៀតនោះ អ្នកអាចនឹងកំពុងប្រឈមមុខនឹងបញ្ហា​ កង្វះសារធាតុចិញ្ចឹមដែលជាវីតាមីន និងសារធាតុរ៉ែ។ ជាមួយគ្នានេះដែរ ខាងក្រោមនេះជាសញ្ញាដែលបង្ហាញពីការកង្វះសារធាតុចិញ្ចឹម និងវិធីក្នុងការព្យាបាល៖

ទី១.​ ឡើងកន្ទួលតូចៗ លើដៃ៖ ប្រសិនបើដៃរបស់អ្នកឡើងកន្ទួលតូចៗ ឬរលាក មានន័យថាអ្នកកំពុងតែខ្វះវីតាមីន A ដែលជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ភ្នែក ស្បែក និងប្រព័ន្ធភាពស៊ាំ ដូចនេះអ្នកគួរតែញ៉ាំសាច់ ត្រី ទឹកដោះគោ ឬ ស៊ុតឲ្យបានច្រើន ជាពិសេសបន្លែ ផ្លែឈើពណ៌បៃតង និងលឿង។

ទី២. រាងកាយកន្រ្តាក់នៅពេលដែលគេងលក់៖ តើអ្នកធ្លាប់មានអារម្មណ៍ថាដូចមានអ្វីមកឆក់ ឬ កន្រ្តាក់រាងកាយរបស់អ្នកនៅពេលគេងលក់ដែរ ឬទេ? បើមានវាបង្ហាញថារាងកាយរបស់អ្នកខ្វះ អេឡិចត្រូលីត ដូច្នេះអ្នកត្រូវញ៉ាំអាហារណា ដែលសំបូរដោយកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ទឹកដោះគោ និងអំបិល។

ទី៣. មានចំណុចពណ៌សតូចៗ លើក្រចក៖ នៅពេលដែលក្រចកដៃរបស់អ្នកមានចំណុចពណ៌សតូចៗ មានន័យថា រាងកាយរបស់អ្នកខ្វះជាតិ ស័ង្កសី តែអ្នកអាចបំពេញបន្ថែមបានវិញ ដោយគ្រាន់តែទទួលទាន​បន្លែបៃតង សាច់ស្រស់​ បាយ និងអយស្ទ័រ​ តែប្រសិនបើអ្នកកង្វះជាតិស័ង្កសីច្រើន គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការបំប៉ន។

ទី៤ . សក់ជ្រុះច្រើន៖ សក់ជ្រុះច្រើនមិនថាពេលសិតសក់ ឬ កក់ បង្ហាញថារាងកាយរបស់អ្នកកំពុងតែ​ខ្វះ ជាតិដែក ដូច្នេះអ្នកត្រូវទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន ជាពិសេស​ ប្រភេទសាច់ស្រស់ ត្រី និងគ្រឿងសមុទ្រ។

ទី៥​.​ឈឺចុកចាប់ក្នុងឆ្អឹង៖ ប្រសិនបើអ្នកតែងតែមានអាការៈឈឺចុកចាប់ក្នុងឆ្អឹងជាញឺកញាប់ អ្នកប្រាកដជាខ្វះវីតាមីន D នៅក្នុងរាងកាយ ដើម្បីបានប្រសើរឡើងវិញ ការទទួលទានអាហារប្រចាំថ្ងៃដូចជា​ ទឹកដោះគោ ត្រី វាមិនគ្រប់គ្រាន់នោះទេ​ ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកថ្នាំជំនួយ ឬ ព្យាយាមស្រូបយកកម្ដៅនៅពេលដែលថ្ងៃរះបន្ថែមរឹតតែល្អ។