G-Devith តារាចម្រៀងរ៉េបប្រុសដែលមានឈ្មោះល្បីសាងភាពអស្ចារ្យតាមរយៈបទ “រាំញីកែងជើង”។ មួយរយៈក្រោយនេះគេហាក់សង្កេតឃើញថាលោក G-Devith ហាក់ទទួលបានប្រជាប្រិយ និងការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន ជាពិសេសមិត្តយុវវ័យ។ ទន្ទឹមនឹងនេះគេក៏សង្កេតឃើញដែលថា តារារ៉េបប្រុសរូបនេះហាក់មានអាស្រូវបន្តបន្ទាប់គ្នាមករហូតដោយកាលពីប៉ុន្មានខែមុនលោក បានមានរឿងទាស់ទែងពាក្យសម្តីគ្នាជាមួយក្រុម Khmer1Jivit ដោយចេញចម្រៀងរ៉េបច្រៀងដៀលគ្នាទៅវិញទៅមក។

ក្រោយមកលោកក៏ត្រូវបានគេរិះគន់រឿងតុបតែងខ្លួនជាទេពមច្ឆាថត Pre-Wedding ស្រាប់តែពេលនេះលោកហាក់កំពុងក្តៅស្លឹកត្រចៀកព្រោះតែ អាចារ្យធំ បានជេរប្រមាថរូបលោករហូតដល់អ្នកម្តាយ។ យ៉ាងណាមិញគេក៏សង្កេតឃើញថាមានការចេញមុខសម្របសម្រួលពីសំណាក់រៀមច្បង តែលោក ងួន ចាន់ដេវីត ថាវាហាក់ដូចជាអយុត្តិធម៌បន្តិចចំពោះរូបលោកព្រោះលោកមិនបានធ្វើអ្វីគេសោះ តែបែរជាត្រូវគេមកជេរទៅវិញ។ មុននេះបន្តិចលោក G-Devith ក៏បានបញ្ចេញស្នាដៃចម្រៀងថ្មីចំណងជើងថា “ដុតជនអនាចារ” ដោយបង្កប់អត្ថន័យច្រៀងរ៉េបថាឲ្យចំៗកណ្តាលមុខតែម្តង។ ចម្រៀងមួយបទនេះត្រូវបានប្រិយមិត្តអ្នកគាំទ្រស្មានថាលោកច្រៀងឲ្យ អាចារ្យធំ ព្រោះតែលើកនិយាយពីលក្ខណៈសម្បត្តិបុគ្គលម្នាក់ដែលស្លៀកសារ៉ុងចូលបារឌីស្កូ និងពាក់ខ្សែកព្រះជេរប្រមាថម្តាយគេទៅវិញ។ តោះមកស្តាប់ទាំងអស់គ្នា!