មុននេះបន្តិចលោកហេង ឡុង បានបង្ហោះរូបជាច្រើនសន្លឹក ដែលក្នុងនោះមានរូបឧកញ៉ាឡេង ណាវ៉ាត្រា បានលុតជង្គង់ថ្វាយបង្គំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្រោមការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា។ លោកហេង ឡុងបានសរសេររៀបរាប់ថា៖

“ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី 8 ខែឧសភាឆ្នាំ 2019 ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានធ្វើឲ្យភ្ញាក់ផ្អើលក្នុង កម្មវិធីទិវាខួបកាកបាទក្រហមកម្ពុជាលើកទី156 ដោយបានលុតជង្គង់ថ្វាយបង្គំសម្ដេចទាំងពីរចំនួនបីដង ធ្វើឱ្យបងប្អូនទាំងអស់នៅក្នុងពិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សូមកោតសរសើរអស់ពីដួងចិត្តនូវទង្វើដឹងគុណ ដល់សម្ដេចទាំងពីរដែលមានការសន្ដោសប្រណី ផ្ដល់ឱកាសឲ្យខ្មែរគ្រប់រូបជ្រកក្រោមដំបូលសន្តិភាពតែមួយ​ ក៏ដូចជាប្អូនប្រុសដែលជាអតីតពលករមួយរូប។ មានសម្ដេចតេជោ មានសន្តិភាព”៕