ក្រុមយុវជនសំរាម បានធ្វើជាគំរូល្អចំពោះសង្គមដោយបាននាំគ្នាប្រមូលសម្រាមចេញពីប្រឡាយលូទឹកស្អុយ ក្នុងតំបន់បឹងត្របែក។ ដោយសកម្មភាពនេះគឺត្រូវបានធ្វើឡើងអស់រយៈពេលច្រើនមកហើយ តែដោយការខ្វះភាពយល់ដឹងនៃការវេចខ្ចប់សម្រាម និងមានបងប្អូនមួយចំនួនបានបោះសម្រាមចូលផងនោះ ប្រឡាយលូស្អាតមិនបានប៉ុន្មានថ្ងៃផងនៅទីតាំងនោះក៏ប្រមូលផ្តុំសុទ្ធតែសម្រាមឡើងវិញ។ ដោយមានឆន្ទះចង់ឲ្យទីក្រុងស្អាត យុវជនទាំងនេះមិនចុះញ៉មឡើយពោលគឺនៅតែបន្តធ្វើនូវសកម្មភាពប្រមូលសម្រាមពីប្រឡាយលូ។

អ្វីដែលគួរឲ្យកោតសរសើរនោះក្រៅពីការសម្អាត និងកាយសម្រាមនោះ ក្រុមយុវជនសំរាម ថែមទាំងបានរៀបចំធ្វើសកម្មភាពដាំផ្កា លម្អនៅក្រោយសាលាបឹងត្របែក ជិតប្រឡាយលូ ដោយបានដាំផ្កាម៉ោង១០ រហូតដល់ទៅ១ពាន់គុម្ពឯណោះ។ ដោយក្រុមយុវជនសំរាម បានសរសេររៀបរាប់ថា៖ “និយាយលេងធ្វើអី ខាងក្រោយរបងសាលាបឹងត្របែកហ្នឹងជំរះស្មៅអស់ហើយបាទ ប្តូរមកជាផ្កាម៉ោងដប់ 1000គុម្ពវិញបាទ”៕