ការតុបតែងស្ទាយសក់ គឺជារឿងចាំបាច់មួយដែលនារីៗគ្រប់រូប មិនអាចខ្វះបាន ព្រោះមិនត្រឹមតែជួយបន្ថែមភាពស្រស់ស្អាតនោះទេ វាក៏បង្ហាញពីរបៀបក្នុងការរៀបចំខ្លួន ដែលធ្វើឲ្យអ្នកកាន់តែទទួលបានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកពីរបៀបក្នុងការតុបតែងម៉ូដសក់ថ្មីៗ សម្រាប់អ្នកចូលចិត្តលេងស្ទាយសក់ជាមួយមួក បែបងាយៗដូចខាងក្រោម៖

ទី១. ទំលាក់សក់ ហើយមូរ៖ តុបតែងសក់ដោយទម្លាក់ ហើយមូរសក់បែបទឹករលក ឬ ភ្លីធំៗ បន្ទាប់មកបន្ថែមមួកពីលើ ធ្វើបែបនេះ អ្នកនឹងកាន់តែស្រស់ស្អាត ហើយកាលីប ឬ គេអាចហៅម៉្យាងទៀតថា ” Gangstyle ” ។

ទី២. ចងសក់ ហើយក្រងតិចៗ៖ ចំពោះស្ទាយបែបនេះ អ្នកអាច​តុបតែងនៅពេលដែលទៅលេងកីឡាពេលល្ងាចបាន ដោយគ្រាន់តែចងសក់រាងទាបល្មម រួចវែកសក់មួយផ្នែកតូចដែលចងរួចក្រង ហើយទាញឲ្យរលុងតិចៗ បន្ទាប់មកពាក់មួក ដោយយកសក់ដែលចងដាក់ចូលប្រលោះមួកខាងក្រោយ ហើយទម្លាក់សក់មុខបន្តិច កាន់តែស្រស់ស្អាត។

ទី៣.​បួងសក់ទីទុយ៖ ប្រសិនបើអ្នកចង់បានម៉ូដសក់ខ្ជូតៗ ជាមួយនឹងស្ទាយពាក់មួក អាចជ្រើសរើសយកម៉ូដសក់មួយនេះបាន ដោយអ្នកត្រូវវែកសក់ជាពីរផ្នែកឲ្យស្មើគ្នា រួចបួងផ្នែកណាមុនក៏បាន ឲ្យទាបល្មមដើម្បីងាយស្រួលពាក់មួក ហើយទាញឲ្យរញ៉េរញៃបន្តិចទើបស្អាត និងកាលីប។

ទី៤. សក់ក្រង៖ ម៉ូដសក់ប្រភេទនេះអាចនឹងមើលទៅធម្មតា និងសាមញ្ញ តែក៏មានភាពស្រស់ស្អាតមិនចាញ់ម៉ូដផ្សេងៗទៀតដែរ ដូចនេះអ្នកត្រូវចងសក់ទាបល្មម ហើយក្រងម៉ូដចេញក្រៅ បន្ទាប់មកចងមួយតង់សិន ហើយចាប់ផ្ដើមក្រងម្ដងទៀតរួចចង ហើយទាញឲ្យរលុងតិចៗ បន្ទាប់មកបន្ថែមមួកពីលើ នឹងស្រស់ស្អាតថែមមួយកម្រិតទៀត។