អនាម័យមាត់ធ្មេញ គឺជារឿងដែលមនុស្សគ្រប់រូបយកចិត្តទុកដាក់ខ្លាំងបំផុត និងតែងតែថែទាំ ហើយធ្វើការសម្អាតជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែដុសសម្អាតធ្មេញក្នុងមួយថ្ងៃ ពីរ ទៅ បីដង វាមិនទាន់គ្រប់គ្រាន់ទេ ក្នុងការកម្ចាត់បញ្ហាក្លិនមាត់ ដូច្នេះអ្នកអាចសាកល្បងតាមវិធីសាស្រ្តងាយៗ និងកែប្រែទម្លាប់មិនល្អមួយចំនួនខាងក្រោមនេះ ដើម្បីកម្ចាត់បញ្ហាក្លិនមាត់មិនល្អ និងជួយខ្យល់ដង្ហើមស្រស់ថ្លា​៖

ទី១. កុំទទួលទានកាហ្វេច្រើនពេក៖ ការទទួលទានកាហ្វេច្រើនពេក ធ្វើឲ្យអ្នកមានខ្យល់ដង្ហើម និងក្លិនមាត់មិនល្អ ព្រោះជាតិកាហ្វេអ៉ីន កាត់បន្ថយការផលិតទឹកមាត់ដែលធ្វើឲ្យមាត់របស់អ្នកស្ងួត ដូចនេះអ្នកគួរតែទទួលទានកាហ្វេត្រឹមតែមួយកែវក្នុងមួយថ្ងៃទើបជាការល្អ។

52403580 – women friends enjoyment coffee times concept

ទី២. សម្អាតធ្មេញក្រោយពេលទទួលទានអាហារ៖​ កម្ទេចចំណីអាហារតូចៗ ដែលជាប់នៅធ្មេញរបស់អ្នកក្នុងរយៈពេលយូរ វាបំលែងជាតិអាស៊ីតដែលធ្វើឲ្យធ្មេញរបស់អ្នកខូច ជាពិសេសក្លិនមាត់មិនល្អ ដូច្នេះហើយអ្នកត្រូវសម្អាតធ្មេញបន្ទាប់ពីញ៉ាំអាហាររួចឲ្យបានទៀងទាត់។

ទី៣. ផ្លាស់ប្ដូរច្រាស់ដុសធ្មេញឲ្យបានទៀងទាត់៖ ចំពោះច្រាសដុសធ្មេញ ក៏ជាកត្តាសំខាន់មួយផងដែរ អ្នកគួរតែផ្លាស់ប្ដូរច្រាស់ដុសធ្មេញរបស់អ្នករៀងរាល់ បីខែម្ដង ព្រោះច្រាស់ដុសធ្មេញ​ដែលចាស់ មិនត្រឹមតែមិនអាចកម្ចាត់បាក់តេរីបានល្អនោះទេ ហើយជាបណ្ដុំក្នុងការបង្កើតបាក់តេរីចូលទៅក្នុងមាត់របសអ្នកទៀតផង។

ទី៤. សម្អាតអណ្ដាតរៀងរាល់ពេលដុសធ្មេញ៖ នៅពេលដែលអ្នកដុសសម្អាតធ្មេញនៅពេលព្រឹក សូមកុំភ្លេច ឬ រំលងក្នុងការសម្អាតអណ្ដាតទោះបីជាពេលខ្លះ អាចធ្វើឲ្យអ្នកមានអាការៈចង់ក្អួតក៏ដោយ ព្រោះការសម្អាតអណ្ដាតមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយក្លិនមាត់រហូតដល់ ៧០% ។

ទី៥. កុំទំពារស្ករកៅស៊ូ៖ ប្រសិនបើអ្នកមានទម្លាប់ក្នុងការទំពារស្ករកៅស៊ូ បន្ទាប់ពីពេលញ៉ាំអាហារដើម្បីកម្ចាត់ក្លិនមាត់ វាមិនមែនជារឿងត្រឹមត្រូវនោះទេ ផ្ទុយទៅវិញជាតិស្ករដែរនៅក្នុងស្ករកៅស៊ូ រឹតតែជួយធ្វើឲ្យឱ្យបាក់តេរីនៅក្នុងមាត់របស់អ្នកលូតលាស់បានល្អថែមទៀតផង។