បន្ទាប់ពីស្ពានជ្រោយចង្វារទី១ បានដាក់ឲ្យប្រើប្រាស់វិញមក យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបានបើកបរទាំងរថយន្ត ទាំងម៉ូតូបំពានគន្លងគ្នា បើទោះបីជាមានគំនូសចែកដាច់រវាងរថយន្ត និងម៉ូតូក៏ដោយ មិនត្រឹមតែប៉ុណ្ណោះអ្នកបើកបរម៉ូតូមួយចំនួនថែមទាំងមានគ្រោះថ្នាក់ដួលរលាត់ដៃរលាត់ជើង ដោយសារតែផ្លាស់ប្តូរគន្លងផងដែរ។ ដោយសារតែមើលឃើញពីបញ្ហានេះ ក្រុមមន្ត្រីជំនាញបានធ្វើការដាំបង្គោល ដើម្បីពុះចែកគន្លងឲ្យដាច់ពីគ្នា ជៀសវាងបង្កគ្រោះថ្នាក់ទៀត។

ប៉ុន្តែការដាំបង្គោលនោះគឺមិនមានប្រសិទ្ធភាពឡើយ ព្រោះគ្រាន់តែបង្គោលត្រូវបានដាំហើយភ្លាម ស្រាប់តែមានម៉ូតសណ្តោងរ៉ឺម៉កបានបើកបំបុកបង្គោលនោះ បណ្តាលឲ្យខូចខាតខ្ទេចអស់។ នាពេលថ្មីៗនេះ ក្រុមមន្ត្រីជំនាញបានធ្វើការផ្លាស់ប្តូរមកដាក់របាំងថ្មពុះចែកផ្លូវវិញម្តង ដើម្បីចែកគន្លងឲ្យដាច់ពីគ្នា និងដើម្បីធានាសុវត្ថិភាព របស់បងប្អូនអ្នកដំណើរ។ សង្ឃឹមថាបងប្អូនអ្នកដំណើរទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានជាយថាហេតុ៕