បាល់ទាត់ ជាកីឡាដែលពេញនិយមមួយជុំវិញពិភពលោកជាពិសេសគឺចំពោះបងប្អូនបុរសៗតែម្តង ដោយពួកគេនិយមលេងជាក្រុម ជួបជុំគ្នា ដើម្បីភ្នាល់គ្នា និងដើម្បីសាកថ្វីជើងផងដែរ។ យ៉ាងណាមិញរាល់គ្រប់កីឡា ឬសកម្មភាពទាំងអស់អាចនឹងធ្វើឲ្យយើងមានគ្រោះថ្នាក់កើតឡើងដោយមិននឹកស្មានដល់ ប្រសិនបើយើងមិនបានប្រុងប្រយ័ត្ន។

ជាក់ស្តែងថ្មីៗនេះ តាមរយៈទំព័រ M-10 ដែលជាទំព័រកីឡាបាល់ទាត់មួយបានបង្ហោះសារដាស់តឿនទៅបងប្អូនដែលនិយមលេងកីឡាបាល់ទាត់ថា «កុំ​ព្រោះ​តែ​ទឹក​សុទ្ធ​បួន​ប្រាំ​ដប ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​មាន​វិប្បដិសារី​អស់​មួយ​ជីវិត! កុំ​ព្រោះ​តែ​ចង់​ឈ្នះ ហើយ​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ មិន​អាច​លេង​បាល់​បាន​មួយ​ជីវិត»។ ដោយសារខ្លីនេះហាក់មានន័យគ្រប់គ្រាន់ដែលអាចឲ្យអ្នកទាំងអស់គ្នាយល់ដឹងថា កុំដោយសារតែចិត្តចង់ឈ្នះចាញ់មួយពេល ជាពិសេសពេលដែលកម្រោលចូលខ្លួន ធ្វើឲ្យអ្នកសោកស្តាយ ឬក៏អាចសាងកំហុសធំមួយអស់មួយជីវិត៕