ដើម្បីថែរក្សាអនាម័យរាងកាយឲ្យមានសុខភាពល្អ រឿងដែលយើងគ្រប់គ្នាមិនអាចខ្វះបាននោះ គឺការងូតទឹក ដោយមនុស្សម្នាក់ៗតែងតែមានទម្លាប់ក្នុងការងូតទឹកខុសៗគ្នា។​ ជាមួយគ្នានេះដែរការងូតទឹកក៏អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវ ដូចនេះដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងនោះ អ្នកគួរស្វែងយល់ពីចំណុខ្លះៗក្នុងការងូតទឹកឲ្យបានត្រឹមត្រូវដូចជា៖

ទី១. ពេលវេលាដែលល្អក្នុងការងូតទឹក៖ តាមការណែនាំរបស់អ្នកជំនាញផ្នែកវិទ្យាសាស្រ្ត ពេលវេលាដែលល្អសម្រាប់អ្នកងូតទឹកនៅពេលយប់ គឺរយៈពេល ៩០នាទី មុនពេលចូលគេង ព្រោះវាជួយឲ្យចរន្តនៅក្នុងរាងកាយដើរបានល្អ ហើយធ្វើឲ្យរាងកាយបានសម្រាកលំហែ និងចុះត្រជាក់តាមបែបធម្មជាតិ នៅពេលចូលគេង ដោយមិនប៉ះពាល់ដល់សុខភាព។

ទី២. រយៈពេលក្នុងការងូតទឹក៖ ការងូតទឹកដោយប្រើពេលយូរពេក ធ្វើឲ្យស្បែករបស់អ្នកបាត់បងសារធាតុប្រេងធម្មជាតិ ហើយបង្កជាជំងឺផ្សេងៗដល់សុខភាព ដូចនេះអ្នកមិនគួរងូតទឹករយៈពេលច្រើនជាង 5 ទៅ 10 នាទីនោះទេ។

ទី៣. ការងូតទឹកដោយប្រើឧបករណ៍ផ្កាឈូក៖ អ្នកវិទ្យាសាស្រ្តបានបង្ហាញថាតំណក់ទឹកដែលធ្លាក់ចេញពីផ្កាឈូក ធ្វើឲ្យរាងកាយរបស់អ្នកទទួលបានការសម្រាក ដូចជាការម៉ាស្សាទៅលើសាច់ដុំ និងស្បែក ជាពិសេសវាគឺជាការសម្រាកមួយដែលខួរក្បាលត្រូវការចាំបាច់ បន្ទាប់ពីរងសម្ពាធផ្សេងៗ​ ដែលត្រូវដោះស្រាយយ៉ាងស្មុគស្មាញ។

ទី៤. ការងូតទឹកពេលល្ងាចល្អជាងពេលព្រឹក៖ ការងូតទឹកពេលព្រឹកមុនពេលចេញទៅក្រៅ មិនល្អដូចការងូតទឹកនៅពេលល្ងាចមុនពេលចូលគេងនោះទេ ព្រោះងូតទឹកមុនពេលចូលគេងអាចធ្វើឲ្យអ្នកគេងលក់បានស្រួល ដោយជម្រះអស់នូវភាពកខ្វក់នៅលើរាងកាយទាំងមូល និងបង្កានូវការកើតជំងឺផ្សេងៗ ដល់សុខភាពផងដែរ។