​ចេក គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានអត្ថប្រយោជន៍អាចប្រើប្រាស់បានតាំងពីដើរហូតដល់ផ្លែ ដោយប្រជាជនខ្មែរយើងភាគច្រើនប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់ ដូចជាអន្សម ម្ហូបអាហារ ជាដើម ចំណែកឯត្រយ៉ូងចេក (ផ្កា) គេយកទៅស្លធ្វើជាម្ហូប ផ្លែវាសម្រាប់បរិភោគ ដើមវាក៏អាចយកមកប្រើប្រាស់ស្លជាម្ហូប ឬមកវេញធ្វើខ្សែចងក៏បានផងដែរ។ ថ្មីៗនេះនៅឯប្រទេសថៃវិញ ដើមចេកត្រូវបានគេយកមកច្នៃធ្វើជាចាន និងថាសសម្រាប់ដាក់ម្ហូបអាហារដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។

គំនិតនេះបានផ្តួចផ្តើមចេញពីអ្នកស្រី ពីយ៉ាណុជ ឆ័យធីរៈយ៉ានន្ត ម្ចាស់ក្រុមហ៊ុន BANANA MACHE ដែលបានច្នៃឧបករណ៍ប្រើប្រាស់ដោយប្រើវត្ថុធាតុដើមមានស្រាប់ ដោយបានលើកហេតុផលឡើងថា កាលពីដើមឡើយរូបនាងឃើញគេប្រើប្រាស់ចេកមកធ្វើជាកន្ទងដាក់ម្ហូបអារហារ និងបណ្តែតទឹកនាពិធីបុណ្យផ្សេងៗ ដូចនេះអ្នកស្រីចង់ច្នៃវាមកធ្វើជាចានក្បានប្រើប្រាស់វិញម្តង។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីនៅតែបន្តប្រើចានផលិតពីសេរ៉ាមិចនៅឡើយទេ ដោយចានដែលធ្វើពីដើមចេកនេះគឺប្រើប្រាស់លាយឡំគ្នាបន្ទាប់បន្សំ។

នាងធ្វើបែបនេះគឺព្រោះគិតថាពុំទាន់មាននរណាគិតដល់ធ្វើវានោះទេ ដូចនេះអ្នកស្រីអាចឲ្យមនុស្សជាច្រើនឃើញពីរបស់ប្លែកថ្មី នឹងអាចចែករំលែកចំណេះដឹងទៅអ្នកភូមិ ឲ្យមានរបររកស៊ីលក់ដូរ។ អ្នកស្រីបានបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំមហាសង្ក្រាន្តនៅក្នុងកម្មវិធីពិពរណ៍ Crafts Bangkok 2019 អ្នកស្រីអាចលក់ចានដែលធ្វើពីដើមចេកនេះបានចំនួន ១២០,០០០ បាត ក្នុងរយៈពេល៤ថ្ងៃ»៕ ប្រភព៖ Thairath