បន្ទាប់ពីខិតខំប្រឹងប្រែងជួសជុលស្ពានជ្រោយចង្វារទី១រួចរាល់មក ក្រុមអ្នកជំនាញជនជាតិជប៉ុនក៏បានធ្វើការគូសគំនូសបញ្ជាក់យ៉ាងច្បាស់ពីគន្លងផ្លូវម៉ូតូ និងគន្លងផ្លូវរថយន្ត ប៉ុន្តែនៅតែមានអ្នកបើកបរទាំងម៉ូតូ ទាំងរថយន្ត នៅតែបើកបំពាន និងបង្កគ្រោះថ្នាក់ថែមទៀតផង។ ដើម្បីជៀសវាងគ្រោះថ្នាក់ អ្នកជំនាញបានដាំបង្គោលថែមទៀត សម្រាប់ចែកឲ្យដាច់រវាងគន្លងម៉ូតូនិងរថយន្ត ប៉ុន្តែមិនបានប៉ុន្មានផងក៏មានម៉ូតូសណ្តោងរ៉ឺម៉កបើកបុកបាក់ខ្ទេចខ្ទីអស់។

ថ្មីៗនេះ មន្ត្រីជំនាញបានដកបង្គោលចេញ ហើយធ្វើការដាក់របាំងថ្មពុះចែកគន្លងជំនួសវិញ ថែមទាំងលាបថ្នាំទៀតផង ដើម្បីឲ្យអ្នកដំណើរងាយស្រួលឃើញ និងការពារកុំឲ្យមានគ្រោះថ្នាក់។ ប៉ុន្តែអ្វីគួរឲ្យហួសចិត្តបំផុតនោះ គឺរបាំងថ្មដែលទើបនឹងដាក់មិនទាន់បានប៉ុន្មាន ស្រាប់តែមានគេបើកបុកបណ្តាលឲ្យរងការខូចខាតខ្ទេចអស់។ មហាជនជាច្រើនបានសម្តែងការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកបើកបរមួយចំនួន ដែលមិនគោរពច្បាប់ចរាចរណ៍ ហើយតែងតែធ្វើឲ្យខូចខាតសម្បត្តិរដ្ឋ៕