ជឿជាក់ថាបងប្អូនភាគច្រើនមុខជាធ្លាប់បានស្តាប់បទ “ងោះ” របស់លោក ណាធូ ជាក់ជាមិនខាន។ បទថ្មី Original Song ដែលចេញអស់រយៈពេលជិតមួយឆ្នាំនេះគឺត្រូវបានទទួលការគាំទ្រជាខ្លាំងពីសំណាក់បងប្អូនមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសដោយចង្វាក់ថ្មីប្លែក បញ្ចូលទៅដោយមនោសញ្ចេតនាជ្រាលជ្រៅដក់ជាប់អារម្មណ៍ ថ្លែងពីអារម្មណ៍ឈឺចាប់របស់បុរសម្នាក់ដែលស្រលាញ់មនុស្សស្រីដែលស្អាត ទាំងដែលខ្លួនរូបមិនស្អាត ប្រៀបដូចជានាយងោះនៅក្នុងព្រេងនិទានរឿង ខ្យងស័ង្ខ ដែលជាមនុស្សអាក្រក់សម្បុរខ្មៅ លួចស្រលាញ់ព្រះនាងម្ចាស់។

យ៉ាងណាមិញបទចម្រៀង “ងោះ” ដែលចាក់ដោតចិត្តមួយនេះ ហាក់ត្រូវបានប្រិយមិត្តជាច្រើនទន្ទឹងរង់ចាំទស្សនាមើល MV ពេញ ដោយចង់ដឹងថាតើនឹងអស្ចារ្យកម្រិតណា ព្រោះត្រឹមតែស្តាប់ចំរៀងក៏បណ្តែតអារម្មណ៍តាមកម្រិតនេះទៅហើយ ដូចនេះ MV មុខជាមិនអន់នោះឡើយ។ តាមរយៈលោក ណាធូ ដែលបានបញ្ចេញឃ្លីបខ្លីៗ បង្ហើបឲ្យដឹងថាការរង់ចាំរបស់បងប្អូនជិតបានសម្រេចហើយ ដោយពេលនេះលោក និងក្រុមការងារកំពុងតែដុតដៃដុតជើងផលិតជា MV ដោយមានរួមបញ្ចូលទាំងរបាំបុរាណ និង របាំសហសម័យ អមជាមួយតន្ត្រីខ្មែរផងដែរ។ នេះពិតជាមិនធ្វើឲ្យបងប្អូនខកចិត្តក្នុងការរង់ចាំឡើយ! កុំភ្លេចណាឆាប់ៗនេះ បទ “ងោះ” នឹងចេញ MV ជាផ្លូវការហើយ រង់ចាំតាមដានទាំងអស់គ្នា!