តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។ អ្វីគួរឲ្យកត់សម្គាល់នោះ គឺ សួស វីសា និងតារាសម្តែងថមមី កាន់តែបង្ហាញភាពផ្អែមល្ហែម ដោយបានស៊ុបប្រាយនំខេកក្នុងថ្ងៃខួបកំណើត និងតែងតែចេញទៅកម្មវិធីទាំងធំនិងតូចជាមួយគ្នាមិនដែលចេះខានម្តងណាឡើយ។

យ៉ាងណាមិញនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សួស វីសា និងគូស្នេហ៍ បានឡើងផ្ទះវីឡាថ្មី ដែលរៀបចំកម្មវិធីបែបគ្រួសារដោយមិនបានអញ្ជើញសិល្បករ សិល្បការិនីណាចូលរួមឡើយ។ ដោយលោក ថមមី បានសរសេររៀបរាប់ថា៖ “ថ្ងៃជោគថ្ងៃជ័យថ្ងៃសិរីមង្គល ពិធីឡេីងគេហដ្ឋានថ្មី ថ្ងៃនេះជាថ្ងៃដ៏សប្បាយរីករាយ និងមានសុភមង្គលបំផុតសំរាប់ខ្ញុំ តែក៏សុំអភ័យទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វេីជាលក្ខណៈគ្រួសារទេ គឺជាសាច់ញាតិសុទ្ធ ហេីយកម្មវិធីក៏មានលក្ខណៈតូចតាចដែរ មិនមានការបោះសំបុត្រអញ្ចេីញ ហេីយក៏មិនមានការអញ្ចេីញបងប្អូនមិត្តសិល្បៈដែរ។ ដូច្នេះហេីយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថាមិនបានហៅរឺអញ្ចេីញដោយក្តីគោរពពីខ្ញុំបាទ”៕