សម័យនេះអ្នកណាៗក៏ចង់មានចង់បាននោះដែរ ជាពិសេសគឺអ្នកដែលមានដីធំៗតែងតែប្រញ៉ាប់ប្រញ៉ាល់រួសរាន់ប្រកាសដាក់លក់ទាន់ពេលដែលដីឡើងថ្លៃកំពុងត្រូវប៉ាន់។ ដោយឡែកបុរសម្នាក់នៅឯប្រទេសថៃដែលមានឈ្មោះថា សំភូជន៍ ផាត់ចារឿន បែរជាមានគំនិតខុសប្លែកពីអ្នកដទៃដែលយើងមិននឹកស្មានសោះឡើយថាមនុស្សបែបនេះនៅមាននោះទេ ដោយលោកសុខចិត្តមិនលក់ដីកេរ្តិ៍ដែលឪពុកបន្សល់ឲ្យ មកធ្វើចម្ការទាំងខោមិនខោអាវមិនអាវ បើទោះបីជាឈ្មួញហ៊ានឲ្យតម្លៃថ្លៃក៏ដោយ។

គ្មាននរណាម្នាក់គិតដល់សោះឡើយថាបុរសម្នាក់ដែលតែងខ្លួនខោមិនខោ អាវមិនអាវរូបនេះគឺជាសេដ្ឋីម្ចាស់ដីតម្លៃរាប់លានដុល្លារនោះ។ បុរសវ័យ ៦០ ឆ្នាំ ដែលជាម្ចាស់ចម្ការ បាងខួត មានទំហំសរុប ៥០រ៉ៃ ស្មើនឹង ៨ហិកតា នៅឯផ្លូវ សយនួនច័ន្ទ ៥៦ ក្នុងក្រុងបាងកករូបនេះ បានបញ្ជាក់ឲ្យដឹងថា លោក និងភរិយាបានសម្រេចចិត្តបោះបង់ចោលការងារ មកធ្វើចំការលើដីកេរ្តិ៍បន្សល់ពីឪពុកលោកតាំងពីឆ្នាំ២០១៤មកម្ល៉េះ។

ដោយមានឈ្មួញជាច្រើនបានមកសួរនាំទិញដីពីលោកដោយគិតតម្លៃក្នុង ១រ៉ៃ​ ចំនួន ៣០លានបាត ដែលសរុបទៅស្មើនឹង១៥០០លានបាត ប្រមាណជាង៤៧លានដុល្លារ សម្រាប់ផ្ទៃដីសរុប ព្រោះតែពួកគេមានបំណងសាងសង់ខន់ដូរ អគារខ្ពស់ និងផ្ទះល្វែង នៅលើដីដ៏ធំមួយនេះ ដែលជាតំបន់ដ៏ល្អមានផ្លូវព័ទ្ធខ្វាត់ខ្វែង និងស្ថិតនៅចំកណ្តាលក្រុងបាងកក។

យ៉ាងណាមិញលោកបានបដិសេធមិនព្រមលក់ព្រោះតែលោកគិតថាលុយទាំងនោះ មិនអាចទិញសេចក្តីសុខដែលលោកមាននាពេលបច្ចុប្បន្ននេះបានឡើយ ពីព្រោះមានលុយច្រើន គាត់ក៏មិនដឹងថានឹងធ្វើយ៉ាងណាជាមួយវានោះដែរ។ ដូចនេះហើយទើបលោក និងភរិយាសម្រេចធ្វើចម្ការនៅលើដីមួយនេះ ដោយរស់នៅយ៉ាងមានសុភមង្គលទោះបីជាហត់កាយបន្តិច តែលោកក៏មានសេចក្តីសុខខ្លាំងដែលលុយពុំអាចទិញបាន៕ ប្រភព៖ AmarinTV