ការតុបតែងខ្លួនជាមួយអាវក្រៅ ដែលនារីៗគ្រប់រូបមិនគួររំលងការលេងស្ទាយមួយនេះ ព្រោះវាធ្វើឲ្យការស្លៀកពាក់របស់អ្នកកាន់តែស្រស់ស្អាត និងស៊ីវីល័យថែមមួយកម្រិតទៀត ជាពិសេសក៏ជួយបិទបាំងស្បែករបស់អ្នកពីពន្លឺថ្ងៃផងដែរ។ ដូច្នេះសម្រាប់អ្នកដែលនិយម ចូលចិត្តពាក់អាវក្រៅសម្រាប់ទៅធ្វើការ ឬ ធ្វើដំណើរកំសាន្តផ្សេងៗ អាចសាកល្បងជាមួយស្ទាយកាលីបៗខាងក្រោមនេះបាន៖

ទី១. អាវ ក្រស៊ែរ៖ អាវប្រភេទនេះភាគច្រើនគេប្រើសម្រាប់អ្នកធ្វើការ ជាមួយសំពត់ ឬ ខោសាច់ក្រណាត់ ប៉ុន្តែអ្នកមិនដឹងទេថា វាពិតជាមានភាពងាយស្រួលក្នុងការតុបតែងជាមួយ សម្លៀកបំពាក់ជាច្រើនប្រភេទដូចជាខោខាប៊យ អាវយឺត ឬ​ ខោរឹបរាង ដោយបន្ថែមជាមួយស្បែកជើងកែង ឬ ប៉ាតាក៏បាន។

ទី២. អាវខាប៊យ៖ អាវខោប៊យពិតជាមានភាពពេញនិយមខ្លាំង សម្រាប់យុវវ័យគ្រប់ស្រទាប់ ទាំងបុរស និងនារី ក្រៅពីម៉ូដដ៏ស្រស់ស្អាតហើយ អ្នកអាចយកអាវប្រភេទនេះតុបតែងជាមួយ រ៉ូប សំពត់ដែលតឺនុយជាមួយអាវស​ ខាងក្នុង ឬ ខោសាច់ក្រណាត់ដែលរាងរលុងបន្តិច ប៉ុន្តែប្រសិនបើអ្នកមានកម្ពស់មិនសូវខ្ពស់ គួរតែជ្រើសយកអាវដែលរាងខ្លីបន្តិចទើបស្អាត។

ទី៣. អាវ ស្បែក៖ នៅពេលដែលតុបតែងខ្លួនដោយប្រើអាវស្បែក អ្នកនឹងមើលទៅកាន់តែទាក់ទាញ និងស៊ីវីល័យដោយអាចលេងស្ទាយជាមួយនឹង រ៉ូបសាច់យឺត សំពត់តឺនុយជាមួយអាវ​ ឬ ខោខាប៊យ ហើយបន្ថែមជាមួយស្បែកជើងប៉ាតា ឬ កែងខ្ពស់កាន់តែស្រស់ស្អាតប្លែក។

ទី៤. អាវ ក្រៅធំវែង៖ នៅពេលដែលអ្នកមានដំណើរកំសាន្តទៅក្រៅប្រទេស អ្នកអាចជ្រើសរើសស្ទាយតុបតែងខ្លួនដោយប្រើអាវប្រភេទនេះ កាន់តែស្រស់ស្អាត និងទាក់ទាញ ជាមួយខោសាច់ក្រណាត់ ឬ ខោខាប៊យគ្រប់ប្រភេទ តឺនុយជាមួយអាវបន្តិច ហើយអាចលេងស្ទាយជាមួយស្បែកជើងកែង ឬ​ ប៉ាតាក៏បាន។