ស្ទីលម៉ូដសក់ខាងមុខ ដោយពុះសក់កណ្ដាល ជាម៉ូដដ៏ពេញនិយមមួយសម្រាប់នារីៗ ក្នុងពេលបច្ចុប្បន្ន ព្រោះវាមានភាពងាយស្រួលក្នុងការតុបតែងឲ្យកាន់តែស្រស់ស្អាត និងមិនរញ៉េរញៃចូលភ្នែក។ ដូចនេះប្រសិនបើអ្នកចង់បានម៉ូដសក់បែបសាមញ្ញ ខ្ជូតៗ ជាមួយវិធីងាយៗ សម្រាប់តុបតែងខ្លួនពេលទៅធ្វើការ សាលារៀន ឬ សម្រាប់ដំណើរកំសាន្ត និងពិធីផ្សេងៗ អាចសាកល្បងជាមួយស្ទាយសក់ទាំងនេះបាន៖​

ទី១.ចងសក់ទាប ទម្លាក់សក់មុខ៖ ការចងបែបនេះអាចនឹងមើលទៅធម្មតា​ សាមញ្ញៗ តែប្រសិនបើអ្នកច្នៃវាបន្តិច ដោយចងសក់ទាបល្មមបត់ទៅក្រោយ ហើយទម្លាក់សក់ខាងមុខដែលវែកទាំងសងខាងបន្តិច អ្នកនឹងកាន់តែស្រស់ស្អាត ហើយទាក់ទាញមួយកម្រិតទៀត។

ទី២. ក្រងសក់ចំហៀង៖ ម៉ូដសក់មួយនេះ អ្នកអាចធ្វើសម្រាប់ចូលរួមគ្រប់កម្មវិធីបាន ដោយខ្លួនឯងយ៉ាងងាយ ដោយគ្រាន់តែវេញសក់មុខ ខាងឆ្វេង ឬ ខាងស្ដាំក៏បាន ចេញជាឆ្នូតតូចៗ ឲ្យចេញស្បែកក្បាលបន្តិច រួចប្រើដង្គៀបខ្មៅគៀបភ្ជាប់សក់ផ្នែកខាងក្រោយ ហើយសក់មួយចំហៀងទៀតទម្លាក់ជាម៉ូដបន្តិច រឹតតែស្រស់ស្អាត។

ទី៣. ចងសក់ទីទុយ៖ សម្រាប់អ្នកចូលចិត្តស្ទាយខ្ជូតៗ អាចជ្រើសរើសម៉ូដសក់មួយនេះបាន ជាមួយវិធីងាយៗ ដោយត្រូវចងសក់ជាពីរផ្នែកឲ្យស្មើគ្នា ហើយផ្នែកនីមួយៗ ត្រូវយកកៅស៊ូចងជាកង់ៗ រហូតដល់អស់សក់ បន្ទាប់ទាញសក់ដែលចងនោះ ឲ្យរាងប៉ោងៗបន្តិច អ្នកនឹងទទួលបានម៉ូដសក់បែបខ្ជូតៗ ដោយមិនចំណាយពេលយូរ។

ទី៤. ក្រងសក់ទីទុយ៖ ការក្រងសក់ដោយខ្លួនឯង មិនមែនជារឿងងាយស្រួលនោះទេ តែអ្នកអាចសាកល្បងវិធីនេះបាន មិនត្រឹមតែងាយស្រួលហើយស្រស់ស្អាតទៀត ដោយអ្នកត្រូវចាប់សក់ផ្នែកខាងមុខ និងខាងក្រោយចងភ្ចាប់គ្នានៅចំហៀង ហើយបត់សក់សងនោះចូលក្នុងឲ្យរាងប៉ោងបន្តិច ធ្វើបែបនេះរហូតដល់ចុងសក់ ហើយក្រចុងសក់ដោយបត់ចូលក្នុងឲ្យខ្លី អនុវត្តបែបនេះជាមួយសក់ម្ខាងទៀតរួចជាស្រេច។