ឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកជំនួញវ័យក្មេងដែលមានដើមកំណើតចេញពីពលករធ្វើការនៅប្រទេសកូរ៉េ តែមានគំនិតបោះទុករកស៊ីរហូតទទួលបានភាពជោគជ័យ និងទទួលការកោតសរសើរជាខ្លាំងពីសំណាក់បងប្អូនមហាជន។ ម្ចាស់អាជីវកម្មផ្ទះល្វែង ដីឡូ និងជាម្ចាស់ផលិតកម្មចម្រៀង Galaxy Navatra រូបនេះបានធ្វើរឿងភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺបងប្អូនខ្មែរដែលនៅប្រទេសកូរ៉េតែម្តង។

មុននេះបន្តិចតាមរយៈទំព័រ វត្តខ្មែរកូរ៉េខេមរារាម បានបង្ហោះថ្លែងអំណរគុណ និងផ្តល់ជូននូវប័ណ្ណសរសើរជូនរូបលោក ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមកសាងវត្តខ្មែរនៅឯប្រទេសកូរ៉េ ក្នុងចំនួនទឹកប្រាក់ចំនួន ១លាន ២សែនវ៉ុន ដែលប្រមាណនឹង១០០០ដុល្លារអាមេរិក។ ទឹកចិត្តដ៏ប្រពៃបរិសុទ្ធរបស់លោកបានធ្វើឲ្យមហាជនរំភើបចិត្ត និងកោតសរសើរជាខ្លាំង ដោយបន្តិចទៀតវត្តអារាមរបស់ខ្មែរនឹងមានវត្តមាននៅលើទឹកដីកូរ៉េជាក់ជាមិនខាន៕