មនុស្សជាច្រើនមិនថាចាស់ ឬ ក្មេងតែងតែមានទម្លាប់ហៀរទឹកមាត់នៅពេលគេង ដោយមិនដឹងខ្លួន ហើយពេលខ្លះពួកគេមិនបានដឹងទេថា​ ការហៀរទឹកមាត់នៅពេលគេងបណ្ដាលមកពីមូលហេតុអ្វីនោះទេ តែគេគិតថាវាកើតឡើងដោយសារតែធម្មជាតិរបស់មនុស្ស។ ប៉ុន្តែកាសិក្សាមួយបានបង្ហាញថា ការគេងហៀរទឹកមាត់ដែលកើតមានជាទៀងទាត់ និងហួសប្រមាណវាអាចជាសញ្ញានៃការវិវត្តទៅជាជម្ងឺ ឬក៏បញ្ហាមិនប្រក្រតីមួយចំនួនកើតឡើងនៅក្នុងខ្លួនប្រាណ ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តក្នុងការកាត់បន្ថយការគេងហៀរទឹកមាត់បានមួយកម្រិតផងដែរ៖

ទី១. ផ្លាស់ប្ដូរទម្លាប់ក្នុងការគេង៖ ប្រសិនបើអ្នកមានទម្លាប់ក្នុងការគេងចំហៀង ឬ ផ្គាប់មុខ វានឹងធ្វើឲ្យទឹកមាត់នៅក្នុងមាត់របស់អ្នកហូរចេញមកក្រៅ តែប្រសិនបើអ្នកផ្លាស់ប្ដូរទម្លាប់ក្នុងការគេងនោះដោយគេងផ្ងារវិញ ទឹកមាត់នឹង មិនហូរចេញទៀតនោះទេ។

ទី២. ការគេងស្រម៉ុក៖ ការគេងស្រម៉ុក គឺជាជម្ងឺធ្ងន់ធ្ងរបំផុតនៅពេលដែលការដកដង្ហើមរបស់អ្នក មិនរលូនដូចដែលវាគួរធ្វើអំឡុងពេលគេង ដង្ហើមរបស់អ្នកអាចក្លាយទៅជារាក់ ហើយអ្នកអាចឈប់ដកដង្ហើមច្រើនដងពេញមួយយប់ ស្ថានភាពនេះនាំឱ្យការគេងមិនស្កប់ស្កល់និងអន់ខ្សោយ ហើយមានអារម្មណ៍អស់កម្លាំងនៅពេលព្រឹក និងងងុយគេងពេញមួយថ្ងៃ ដូចនេះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហានេះ។

ទី៣.ត្រូវប្រាកដថាឱសថរបស់អ្នកមិនបង្កបញ្ហា៖ ការប្រើប្រាស់ថ្នាំ ក៏ធ្វើឲ្យអ្នកគេងហៀរទឹកមាត់ផងដែរ ដូច្នេះអ្នកត្រូវប្រាកដថាថ្នាំដែលអ្នកកំពុងប្រើប្រាស់មួយចំនួនមិនបង្កការផលិតទឹកមាត់ច្រើនហួសកម្រិត ដូចជាប្រភេទថ្នាំអង់ទីប៊ីយ៉ូទិចខ្លះអាចបណ្តាលឱ្យមានការហើមពោះ ហើយរាងកាយរបស់អ្នកផលិតទឹកមាត់ច្រើន។

Young woman having pills and tablets. Isolated.

ទី៤. គេងផ្ងារ ឲ្យក្បាលឡើងលើ៖ ការគេងដោយដាក់ក្បាលរបស់អ្នកនៅលើខ្នើយខ្ពស់ ខណៈពេលដែលអ្នកកំពុងគេងអាចកាត់បន្ថយការហៀរទឹកមាត់បានច្រើន ដូច្នេះមុនពេលចូលគេងអ្នកត្រូវជ្រើសរើសខ្នើយណា ដែលអ្នកគិតថាមានអារម្មណ៍ងាយស្រួលក្នុងការកើយ និងមិនធ្វើឲ្យប៉ពាល់ដល់ក្បាល ឬ ក របស់អ្នក។

ទី៥. សម្អាតច្រមុះរបស់អ្នក៖ មូលហេតុចម្បងមួយនៃការគេងហៀរទឹកមាត់គឺ ច្រមុះដែលមិនទទួលបានការសម្អាតទៀងទាត់ ព្រោះភាពកខ្វក់នៅក្នុងច្រមុះធ្វើឲ្យអ្នកពិបាកក្នុងការដកដង្ហើម ដោយប្រើមាត់ក្នុងការដកដង្ហើមវិញ ទើបធ្វើឲ្យទឹកមាត់ហូរចេញមកក្រៅនៅពេលគេង ដូច្នេះអ្នកត្រូវសម្អាតច្រមុះរបស់អ្នកឲ្យបានទៀងទាត់។