កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាពមួយសន្លឹក ដែលបង្ហាញពីសកម្មភាពផ្លូវថ្នល់រាបរលោងស្មើមួយខ្សែ ត្រូវបានកាត់គាស់ចេញ ដើម្បីដាក់លូ។ សកម្មភាពនេះត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងខ្លាំង ហើយលើកឡើងថា ហេតុអ្វីមិនព្រមដាក់ប្រពន្ធលូឲ្យហើយមុននឹងធ្វើផ្លូវ? ចាំបាច់ធ្វើផ្លូវហើយមកកាយគាស់ដាក់ប្រព័ន្ធលូទៅវិញ? ដែលការធ្វើបែបនេះនាំឲ្យខាតបង់ទាំងថវិកា និងពេលវេលាយ៉ាងច្រើន។

ជុំវិញបញ្ហានេះផងដែរ សាធារណការ រាជធានីភ្នំពេញ ក៏បានធ្វើការបកស្រាយនៅលើទំព័រហ្វេសប៊ុកផងដែរថា “ដោយសារផលប៉ះពាល់ដោយបណ្តាញខ្សែកាបអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ បង្គោលអគ្គិសនី ដើមឈើ និងបំពង់មេរដ្ឋាករទឹករត់នៅក្រោមចិញ្ចើមផ្លូវជាតិលេខ ២ ចាក់អង្រែ ការដ្ឋានដាក់បណ្តាញលូមេមិនអាចដាក់ក្រោមចិញ្ចើមផ្លូវបានលើកំណាត់ចិញ្ចើមផ្លូវប្រវែង ៦៥០ម នៃប្រវែងដាក់លូសរុប ៤២០០ម ដោយពង្វាងការដាក់លូក្នុងសាច់ផ្លូវវិញ ។ ដើម្បីចៀសវាងផលប៉ះពាល់ដាច់ចរន្តអគ្គសនីក្នុងរាជធានីភ្នំពេញដែលបណ្តាលមកពីការរុះរើបណ្តាញអគ្គិសនីក្រោមដីតង់ស្យុងខ្ពស់ ការចំណាយថវិកាអស់ច្រើន ពេលវេលាយូរ និងដើម្បីជំរុញការដោះស្រាយបញ្ហាទឹកលិចធ្ងន់ធ្ងរអោយទាន់ក្នុងរដូវវស្សានេះ ក្រុមហ៊ុនម៉ៅការសាងសង់បានស្នើសុំដាក់លូក្នុងសាច់ផ្លូវដោយធានាជួសជុលអោយបានដូចដើម ឯការចំណាយជាបន្ទុករបស់ក្រុមហ៊ុនផ្ទាល់ ។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។”៕