សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេច ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋឆ្លៀតដាំដំណាំ ជៀសជាងទុកដីឲ្យទំនេរចោល។ សម្តេចបានរៀបរាប់ថា៖ “ពាក្យចាស់ពោលថា(រពឹសដៃផ្ទៃឆ្អែត) ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួល ផលសម្រាប់ក្រុមគ្រួសារយើង។​ ដីតូចដាំ ជី បន្លែ ស្លឹកគ្រៃ។ល។​

ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំដើម្បីកុំអោយពិបាកដើររកទិញគេនូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំនិងភរិយាបង្ហាញនូវការប្រមូលផល ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ៕”

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ​ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម។ ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។ ជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកទាំងអស់គ្នា៕