របៀបក្នុងការលេងម៉ូដសក់របស់នារីៗ មានច្រើនប្រភេទ និងច្រើនស្ទាយទៅតាមចំណង់ចំណូលចិត្ត និងភាពប៉ិនប្រសព្វក្នុងការតុបតែងម៉ូដសក់របស់ពួកគេ ឲ្យកាន់តែមានភាពទាក់ទាញ ជាពិសេសស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងបង្ហាញលោកអ្នកពីរបៀបក្នុងការតុបតែងម៉ូដសក់ថ្មីៗ ហើយងាយៗក្នុងការតុបតែងដោយមិនចំណាយពេលយូរ៖

ទី១. ស្ទីលទម្លាក់សក់៖ ការទម្លាក់សក់មានច្រើនប្រភេទ ច្រើនរបៀបទៅតាមទម្រង់ម៉ូដសក់ ប៉ុន្តែបើអ្នកជ្រើសរើសការទម្លាក់សក់ដោយពុះកណ្ដាលហើយ ហើយសៀតត្រចៀក វា​មិនស្រស់ស្អាតនោះទេ ដូចនេះអ្នកគួរតែវែកសក់ទៅចំហៀង ហើយមួយចំហៀងទៀតសៀតនឹងត្រចៀកទើបស្អាត។

ទី២. ស្ទីលក្រងសក់ចំហៀង៖ ប្រសិនបើអ្នកចង់តុបតែងសក់បែបចំហៀង អ្នកគួរតែជ្រើសរើសម៉ូដក្រងទៅចំហៀង ដោយក្រងរាងរលុងតិចៗ ហើយទម្លាក់សក់កៀនៗបន្តិចទើបស្អាត។

ទី៣. ស្ទីលក្រងសក់ទីទុយ៖ ការក្រងសក់ទីទុយតឹងពេក ធ្វើឲ្យមុខរបស់អ្នកមើលទៅរាងតូច ហើយមិនស្រស់ស្អាតទៀតផង ដូចនេះអ្នកគួរប្ដូរមកសាកល្បងការក្រងដោយរាងរលុងៗ ហើយទម្លាក់សក់មុខតិចៗ កាន់តែស្រស់ស្អាត និងទាក់ទាញ។

ទី៤. ស្ទីលចងសក់ធម្មតា៖ សម្រាប់អ្នកដែលមានថ្ងាសរាងទូលាយ ការចងសក់ធម្មតាមិនទម្លាក់សក់មុខ ធ្វើឲ្យអ្នកមិនស្រស់ស្អាតនោះទេ តែអ្នកគួរតែជ្រើសរើសការចងសក់ឲ្យរាងរលុងៗបន្តិច ហើយទម្លាក់សក់មុខតិចៗ ការចងសក់បែបនេះមិនត្រឹមតែស្រាស់ស្អាតនោះទេ ហើយក៏កំពុងពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្នផងដែរ។

ទី៥. ស្ទីលបួងសក់ទាប៖ សម្រាប់អ្នកចូលចិត្តបួងសក់ទាបៗ បែបងាយៗ អាចសាកល្បងជាមួយម៉ូដសក់ប្រភេទនេះបាន ដោយគ្រាន់តែបួងផ្នែកខាងក្រោយឲ្យទាបល្មម ហើយទាញចេញជាម៉ូដរាងរលុងតិចៗ​ រួចទម្លាក់សក់ខាងមុខ ហើយមូររាងទឹករលកឲ្យស៊ីនឹងទម្រង់ រួចជាការស្រេច។