បងប្អូនធ្លាប់ចាំបានទេកាលដែលកំពូលតារាចម្រៀងស្រីបួនដួង ឱក សុគន្ធកញ្ញា, សុគន្ធ និសា, ពេជ្រ សោភា និង ឈិត សុវណ្ណបញ្ញា បកស្រាយចម្រៀងរួមគ្នាដែលបង្កភាពល្បីល្បាញនិងភ្ញាក់ផ្អើលខ្លាំងបានដែរឬទេ? ចាំបានកាលនោះអ្នកទាំងបួនគឺបានវ៉ាដាច់ពិភពសិល្បការិនីក្នុងពិភពសិល្បៈ ព្រោះតែសុទ្ធសឹងតែជាតារាចម្រៀងស្រីមានប្រជាប្រិយនិងមានសមត្ថភាពខ្ពស់។ យ៉ាងណាមិញបើទោះបីជាពេលនេះអ្នកទាំងបួនពុំមានឱកាសបកស្រាយចំរៀងរួមគ្នាម្តងទៀត ព្រោះតែកញ្ញា ឈិត សុវណ្ណបញ្ញា បានចេញពីក្រុមហ៊ុនហង្សមាសទៅកាន់ផលិតកម្ម ថោន ក្តី ក៏ប៉ុន្តែចំណងមិត្តភាពរបស់អ្នកទាំង៤ហាក់នៅតែស្អិតរមួតមិនធម្មតានោះឡើយ។

ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់មិត្តសម្លាញ់ ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ពេជ្រ សោភា, សុគន្ធ និសា និង ឈិត សុវណ្ណបញ្ញា ក៏មានវត្តមានចូលរួម និងបានបង្ហោះសារជូនពរនៅលើបណ្តាញសង្គមផងដែរ។ ប្រិយមិត្តជាច្រើនហាក់រំភើបចិត្តជាខ្លាំងដោយបានឃើញពួកគាត់នៅតែមានចំណងមិត្តភាពល្អ នឹងសង្ឃឹមថាពួកគាត់អាចមានឱកាសច្រៀងរួមគ្នាជាថ្មីម្តងទៀត៕