នៅថ្ងៃមហាមង្គលរបស់តារាចម្រៀងស្រីល្បីឈ្មោះគឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយប្អូនប្រុសថៅកែផលិតកម្ម និងម្ចាស់ស្ថានីយទូរទស្សន៍ហង្សមាស គឺលោក អ៉ឹង សុខលី នៅព្រឹកនេះគេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បៈករ សិល្បៈការនី ក៏ដូចជាថ្នាក់ដឹកនាំ អ្នកមានមុខមាត់ក្នុងជួររដ្ឋាភិបាល ព្រមទាំងអ្នកជំនួញធំៗជាច្រើនផងដែរ ប៉ុន្តែក្នុងនោះមិនមានវត្តមានតារាចម្រៀងស្រី​ មាស សុខសោភា ឡើយដោយនាងកំពុងស្ថិតនៅប្រទេសកាណាដា។

ក្នុងនោះដែរអ្នកនាង មាស សុខសោភា ក៏បានផ្ញើរសារជូនពរក៏ដូចជាទម្លាយប្រាប់ពីទំនាក់ទំនងរូបនាង ជាមួយនឹងកញ្ញា ឱក សុគុន្ធកញ្ញា កាលពីពេលកន្លងទៅដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងនោះទេ។ តារាចម្រៀងរូបនេះបានរៀបរាប់ថា៖ “ក្នុងនាមជាមិត្ររួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់​ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គលដែលមានតែម្តងក្នុងជីវិត។

បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនិងធ្វើវាភ្លាមដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ កញ្ញា​ គឺមិនត្រឹមតែជាមិត្ររួមការងារម្នាក់នោះទេ​ ថែមទាំងជាប្អូនស្រីដ៍ល្អម្នាក់របស់ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ​អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឱ្យយល់​និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ lol,​ ​ ​និងការកំសាន្តជាមួយក្រុមការងារ។

អនុស្សាវរីយ៍ដ៏​ជូចត់មិនអាចបំភ្លេចបាននោះគឺពេលវេលាដែលកញ្ញា ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារនៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។ សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។ សូមអបអរសាទរនិងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា​និងស្វាមីក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!”