កាលពីថ្មីៗនេះក្រុមយុវជនសំរាមបានធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលជាខ្លាំងដោយបានប្រកាសថានឹងថតវីដេអូខ្លីដែលអប់រំអំពីបរិស្ថាន ដោយចំណាយទឹកប្រាក់ជាង១៥០០ដុល្លាអេមរិក។ បើទោះបីជាខ្លួនមិនទទួលបានប្រយោជន៍អ្វីពីការប្រមូលសំរាមក្រៅពីទទួលបានការកោតសរសើរពីសំណាក់បងប្អូនដែលក្រុមខ្លួនបានចុះសំអាតបរិស្ថាន និងអប់រំបងប្អូនក៏ពិតមែន ក៏ក្រុមយុវជនសំរាមមិនដែលគិតថាបោះបង់ចោលនោះឡើយ។

លោក សាន ដារ៉ាវីត ដែលជាប្រធានក្រុមគឺពិតជាកូនប្រុសដើមទ្រូងប្រាំហត្ថ ដែលនិយាយហើយត្រូវតែធ្វើ។ ដោយមុននេះបន្តិចលោកក៏បានបង្ហាញពីសកម្មភាពក្រៅឆាក ជាមួយនិងក្រុមការងារដែលកំពុងថត អមជាមួយសារមួយឃ្លាថា «លេងទឹកមុខជាងតួសំដែងទៀត យុវជនសំរាម»។ យ៉ាងណាមិញយើងមិនទាន់បានដឹងទេថាវីដេអូទាំងមូលនឹងចេញមកមានសកម្មភាពបែបណាខ្លះនោះដូចនេះសូមរង់ចាំតាមដានទាំងអស់គ្នា៕