ដូចដែលបងប្អូនបានដឹង បានស្គាល់ស្រាប់ហើយថា ក្រុមយុវជនសំរាម ជាក្រុមដែលធ្វើការសំអាតបរិស្ថានប្រមូលសំរាមដោយផ្តើមចេញពីចំណុចប្រឡាយទឹកបឹងត្របែក។ កាលពីថ្មីៗនេះក្រុមយុវជនសំរាម ដែលដឹកនាំដោយលោក សាន ដារ៉ាវីត បានធ្វើឲ្យល្បីសុះសាយពេញបណ្តាញសង្គមរហូតដល់មានខាងអ្នកកាសែតជប៉ុន ចុះមកសម្ភាសន៍ និងផ្តិតយករូបភាពដោយផ្ទាល់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ពេលនេះគេសង្កេតឃើញមានខាងទូរទស្សន៍ពីប្រទេសវៀតណាមក៏បានចុះមកធ្វើកិច្ចសម្ភាសន៍ដូចគ្នា។ តាមរយៈប្រភពលោក សាន ដារ៉ាវីត ដែលបានបង្ហោះឲ្យដឹងថា «ថ្ងៃនេះទូរទស្សន៍វៀតណាមមកសំភាសន៍ និង ផ្តិតយកវីដេអូខ្លះយកទៅចាក់ផ្សាយ»។ មហាជនជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងគាំទ្រ ព្រមទាំងលើកទឹកចិត្តដល់យុវជនសំរាមដែលបានចំណាយពេលទាំងស្រុងរបស់ខ្លួនមកធ្វើការប្រមូលសំរាម ក្នុងគោលបំណងតែមួយនោះគឺដើម្បីឲ្យប្រទេសយើងមានសោភ័ណ្ឌភាព និងអនាម័យស្អាត៕