ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា។ ជឿជាក់ថាបងប្អូនភាគច្រើនសឹងតែមួយប្រទេសកម្ពុជាធ្លាប់បានចូលទស្សនាទីនោះ មិនថាភ្ញៀវជាតិ និងអន្តរជាតិនោះឡើយ។ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ គឺជាថ្ងៃគម្រប់ខួប១០០ឆ្នាំ នៃ​ព្រះ​រាជ​ពិធី​សម្ពោធ​ ព្រះ​ទីនាំង​ទេវា​វិនិច្ឆ័យ​ នៃ​ព្រះ​បរមរាជវាំង​ចតុមុខ​មង្គល គិតចាប់ពី ១៦ ឧសភា ឆ្នាំ១៩១៩ រហូតមកដល់ ១៦ ឧសភា ឆ្នាំ ២០១៩។ ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យសាងសង់ក្នុង​រជ្ជកាល​ព្រះបាទសម្ដេចព្រះសុីសុវត្ថិ ព្រះរាជានុកោដ្ឋ ក្នុងឆ្នាំ ១៩១៣ – ១៩១៧ ហើយធ្វើ​ព្រះ​រាជ​ពិធីសម្ពោធ នៅថ្ងៃទី​១៦​ ឧសភា​១៩១៩។

ទំហំប្រាសាទ បណ្តោយ ៦០ម៉ែត្រ​ ទទឹង ៣០ម៉ែត្រ​ និងមានកំពូលស្រួចកំពស់ ៥៩ម៉ែត្រ​ជាព្រះទីនាំង សម្រាប់ធ្វើ៖ ព្រះ​រាជ​ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ, ព្រះរាជពិធីបុណ្យទ្វារទសមាស, ព្រះរាជសាវនាការថ្វាយសារតាំង, ​ព្រះ​រាជ​ពិធី​ពិធីសច្ចាប្រណិធាន, ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។ ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា​ ព្រះទីនាំងស្វេតឆ័ត្រ, ព្រះ​ទីនាំង​ហោរាជបណ្ឌិត, ព្រះ​ទីនាំង​ហោព្រះ​អដ្ឋិ, ព្រះទីនាំងក្សិណ, ព្រះទីនាំងបុស្បុក, ព្រះទីនាំងមហាមន្ទីរ, ព្រះទីនាំងនារីរ័ត្នសោភា, ព្រះទីនាំងចក្រពត្តិ, ព្រះទីនាំងព្រះស្ងោយ, នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្ម មុខ៤ ដែល​បែរ​ព្រះភក្ត្រ​ទៅរកទិសទាំង៤៕