កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណី ព្រះសង្ឃដ៏ល្បីឈ្មោះមួយអង្គ ដែលគង់នៅវត្តនាគវន្ត័ មានព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការបិណ្ឌបាតរថយន្តថ្មីមួយគ្រឿងម៉ូដែល Lexus 570 ស៊េរីឆ្នាំ ២០១៩ ដែលមានតំលៃនៅលើទីផ្សារកម្ពុជា ប្រមាណជាង ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយការបង្ហោះបែបនេះផងដែរធ្វើឲ្យមហាជនមានការបញ្ចេញមតិរៀងៗខ្លួនជាច្រើន។

ពាក់ព័ន្ធនឹងករណីនេះ នាមុននេះបន្តិច ព្រះសង្ឃ នី សុវណ្ណមុនីរ៉េត ក៏បានធ្វើការបកស្រាយផងដែរថា ការបង្ហោះបិណ្ឌបាតរថយន្ត Lexus 570 ស៊េរីឆ្នាំ២០១៩ នេះ គ្រាន់តែជាការបង្ហោះបែបលេងសើច ដើម្បីឲ្យញាតិញោមក្នុង និងក្រៅប្រទេស អស់សំណើចប៉ុណ្ណោះ តែមិននឹកស្មានថា វាដល់ដំណាក់កាលនេះ។ ព្រះអង្គក៏បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “ខ្ញុំករុណា អត្មាភាព សូម អភ័យទោសដល់ព្រះករុណាគ្រប់អង្គនឹងញាតិញោមក្នុងនិងក្រៅប្រទេស !ឈឺព្រះកេស គ្រាន់តែចង់ អោយញាតិញោមអស់សំណើច ទេតា !”៕