តិចនិកក្នុងកាស្លៀកពាក់បែបកាលីបៗ សម្រាប់អ្នកដែលមានកំភួនជើងធំៗ ឬ រាងមានសាច់ ឲ្យឃើញជើងតូច និងស្រឡូនស្អាតជាងមុន
Life Style May 17, 2019 Chan Sreyny

ការតុបតែងខ្លួនដោយលេងស្ទាយក្នុងការស្លៀកពាក់ឲ្យទាក់ទាញ និងស្រស់ស្អាតមិនមែនទាល់តែមានរូបរាងស្លីម កម្ពស់ខ្ពស់ ឬ ជើងរាងស្រឡូនស្អាតនោះទេ តែវាអាស្រ័យទៅលើតិចនិកក្នុងការតុបតែងខ្លួនឲ្យស័ក្កសមជាមួយនឹង រូបរាងរបស់យើង។ តួរយ៉ាងថ្ងៃនេះ យើងនឹងបង្ហាញពីគន្លឹះក្នុងការស្លៀកពាក់សម្រាប់នារីៗ ដែលមានកំភួនជើងរាងធំៗ ឬ មានសាច់ ឲ្យកាន់តែស្រស់ស្អាត ដោយវិធីងាយៗដូចជា៖

ទី១. ខោខ្លី៖ ភាគច្រើនស្រីៗដែលមានកំភួនជើងធំ តែងតែមានការភ័យព្រួយ និងពិបាកក្នុងការស្លៀកខោខ្លីឲ្យមើលទៅឃើញស្អាត ដូចនេះមិនចាំបាច់ព្រួយបារម្ភទៀតទេ អ្នកគួរតែជ្រើសរើសខោខ្លីណាដែលមានជើងធំៗ និងរលុង ព្រោះវាធ្វើឲ្យជើងរបស់អ្នកមើលទៅតូចជាងមុន។

ទី២.ស្បែកជើង៖ ការប្រើប្រាស់ស្បែកជើងក៏ជួយបិទបាំងទំហំជើងរបស់អ្នកផងដែរ ដោយអ្នកគួរតែប្រើប្រាស់ស្បែកជើងក្រវ៉ាត់កែង ដែលចងខ្សែរហូតដល់ក ជើង ព្រោះវាធ្វើឲ្យជើងរបស់អ្នកតូច ហើយស្រឡូន ជាងពេលដែលអ្នកប្រើស្បែកជើងក្រវ៉ាត់កែងធម្មតា។

ទី៣.ខោខាប៊យ៖ មនុស្សមួយចំនួនគិតថាកំភួនជើងធំៗ គួរតែស្លៀកខោសាច់ក្រណាត់រឹបៗ ពណ៌ខ្មៅទើបសម តែការស្លៀកពាក់ដោយប្រើខោខាប៊យក៏ស្រស់ស្អាត ហើយសមផងដែរ ដោយគ្រាន់តែជ្រើសរើសយកខោខាប៊យជើងកំប៉ុង ជើងប៉ាត់ ឬ ជើងរាងរលុងតិចៗ ក៏បាន ហើយតឺនុយជាមួយអាវ រឹតតែស្រស់ស្អាត។

ទី៤.សំពត់៖ ប្រសិនបើអ្នកមិនមានទំនុកចិត្តក្នុងការស្លៀកសំពត់ដោយសារតែមានកំភួនជើងធំៗនោះ មិនបាច់ព្រួយបារម្ភទៀតទេ ដោយអ្នកគ្រាន់តែជ្រើសរើសប្រភេទសំពត់ខ្លីលើជង្គង់ ឬ សំពត់វែងស្របជាមួយរាងរបស់អ្នក និង សំពត់ភ្លីសេក្រោមជង្គង់ក៏បាន ហើយបន្ថែមជាមួយស្បែកជើងកែងខ្ពស់ល្មម មើលទៅស័ក្កសម ហើយឃើញជើងរាងតូចទៀងផង។

ទី៥.​ខោពណ៌ស៖ អ្នកខ្លះគិតថាកំភួនជើងធំៗ មិនគួរស្លៀកខោពណ៌ស នោះទេ ព្រោះវាធ្វើឲ្យឃើញជើងកាន់តែធំ ប៉ុន្តែការគិតបែបនោះមិនត្រឹមត្រូវទេ ខោពណ៌ស ដែលមានជើងរាងរលុងតិចៗ នឹងធ្វើឲ្យជើងរបស់មើលទៅរាងតូចជាងមុន ពេលដែលអ្នកស្លៀកវា​ តែត្រូវជៀសវាងខោពណ៌ស ដែលរឹបជើង ឬ រឹបរាងខ្លាំង។