នៅពេលដែលឈានចូលដល់វ័យកាន់តែច្រើន បម្រែបម្រួលរបស់រាងកាយក៏មានការផ្លាស់ប្ដូរ ដូចជាស្បែកជាដើម ជាពិសេសស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ ដែលធ្វើឲ្យអ្នកបាត់បង់សម្រស់មួយផ្នែកធំ។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីអាថ៌កំបាំងក្នុងការថែរក្សា និងបំបាត់ស្នាមជ្រួញនៅលើផ្ទៃមុខរបស់នារីៗជប៉ុន ដោយការម៉ាស្សាបែប Shiatsu ខុសពីការម៉ាស្សាផ្សេងៗនៅលើផ្ទៃមុខដូចជា៖

ទី១.បំបាត់ស្នាមជ្រួញនៅលើចិញ្ចើម៖ ដើម្បីបំបាត់ស្នាមជ្រួញ អ្នកត្រូវយកម្រាមដៃចង្អុល កណ្ដាល និងដៃនាង ទៅដាក់នៅលើចិញ្ចើម ហើយធ្វើការម៉ាស្សាដោយទាញចុះឡើងៗ ក្នុងរយៈពេល ៧វិនាទី។​

ទី២.បំបាត់ស្នាមជ្រួញកន្ទុយភ្នែក៖ ស្នាមជ្រួញនៅកន្ទុយភ្នែក ជាស្នាមដែលពិបាកក្នុងការកម្ចាត់ តែអ្នកអាចសាកល្បងម៉ាស្សាដោយប្រើ ម្រាមដៃចង្អុលទៅដាក់នៅចុងកន្ទុយភ្នែក រួចញីពីក្រោមឡើងលើដោយថ្នមៗ ដោយប្រើរយៈពេល ៣វិនាទី បន្ទាប់មកអនុវត្តបែបនេះដដែលឲ្យបាន ៣​ដង។

ទី៣.បំបាត់ដក់ក្រោមភ្នែក៖ រង្វង់ភ្នែកដែលមានសាច់ដកនៅខាងក្រោម ធ្វើឲ្យអ្នកមើលទៅកាន់តែចាស់ ដូចនេះដើម្បីកម្ចាត់បញ្ហានេះ អ្នកត្រូវយកម្រាមដៃចង្អុលទៅម៉ាស្សាតំបន់គល់ភ្នែក ហើយអូសថ្នមៗទៅជាត្រីកោណរហូតដល់កន្ទុយភ្នែក ដោយប្រើរយៈពេល ៣វិនាទី ហើយអនុវត្តបែបនេះឲ្យបាន ៣ដង។

ទី៤.បំបាត់ស្នាមជ្រួញនៅគល់ចិញ្ចើម៖ ស្នាមជ្រួញនៅគល់ចិញ្ចើមតែងតែកើតមាននៅពេលដែលទឹកមុខរបស់អ្នកខឹង ឬ មានចម្ងល់អ្វីមួយ ដើម្បីបំបាត់ស្នាមជ្រួញនេះ អ្នកត្រូវយកម្រាមដៃចង្អុល ម្រាម​កណ្ដាល និងម្រាមដៃនាង ទៅចុចនៅចន្លោះគល់ចិញ្ចើមថ្នមៗ ដោយប្រើពេល ៥ ទៅ ៧វិនាទី ហើយអនុវត្តជាថ្មីម្ដងទៀត។

ទី៥. បំបាត់ស្នាមជ្រួញក្រោមភ្នែក៖ ប្រសិនបើភ្នែករបស់អ្នកមានស្នាមជ្រីវជ្រួញខ្លាំង ហើយប្រើផលិតផលជាច្រើនហើយមិនបាត់នោះ អ្នកគួរតែសាកល្បងម៉ាស្សាតាមវិធីនេះ ដោយគ្រាន់តែយកម្រាមដៃនាង កណ្ដាល និងម្រាមដៃចង្អុល ទៅចុចថ្នមៗនៅក្រោមភ្នែក ដោយទុករយៈពេល ១០វិនាទី បន្ទាប់មកធ្វើបែបនេះដដែលៗ ឲ្យបាន ២ដងទៀត។