ប្រាក់ 1 លានដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាលើកទី 2 ដើម្បីកាត់បន្ថយភាពក្រីក្រ និងអត្រាមរណភាពរបស់មាតា និងទារក

នៅថ្ងៃសុក្រ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់មូលនិធិចំនួន ១០០០.០០០ដុល្លារ (មួយលានដុល្លារ)ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ក្នុងពិធីប្រគល់ថវិការទៅកាន់មូលនិធិគន្ធបុប្ផានេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធីគន្ធបុប្ផាកម្ពុជា។

គោលបំណងនៃការផ្តល់ជូននូវថវិការនេះដែរគឺដើម្បីប្រើប្រាស់សម្រាប់ព្យាបាលជំងឺដល់កុមារកម្ពុជា ដែលជាការរួមចំណែកលើកកម្ពស់សុខភាពកុមារនៅកម្ពុជា។ ក្នុងនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃមូលនិធិនិងសប្បុរសជនក៏ដូចជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៃមន្ទីរពេទ្យផងដែរ ដែលបានខិខំជាពិសេសគឺការរួមចំណែកជួយដល់ប្រជាជនក្រីក្រតាមរយៈការប្រើប្រាស់មូលនិធិប្រកបដោយប្រសិទ្ធភាព ចំគោលដៅជាមួយរាជរដ្ឋាភិបាល ជាពិសេសនោះការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារក។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រហ្មវិហារធម៌ និងការខិតខំរបស់សម្តេចទាំងពីរ ទៅលើការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នេះជាលើកទី ២ ហើយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី ៨ (៨លើក) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដែលកាកបាទបានបរិច្ចាគដល់មន្ទីរពេទ្យមួយនេះគិតពីឆ្នាំ ២០១២ បន្តបន្ទាប់មក៕

Written By

sovann khmernote