អាកាសយានិកបង្ហាញពីចំណុច ៥ យ៉ាង ដែលធ្វើឱ្យការហោះហើររបស់អ្នកមានសុវត្ថិភាព

ជាការពិតណាស់ការធ្វើដំណើរដោយយន្តហោះ អាចចាត់ទុកជារឿងដែលប្រថុយប្រថាននឹងគ្រោះថ្នាក់មួយ ដូចនេះតើរៀងរាល់ពេលហោះហើរ តើអ្នកតែងតែធ្វើដូចម្ដេច? យ៉ាងណាមិញ អាកាសយានិកបានលួចបង្ហាញពីគន្លឹះសំខាន់ៗ​ មួយចំនួន ដែលអ្នកនឹកស្មានមិនដល់ ហើយមានប្រយោជន៍ដល់អ្នកទៀតផង ដូច្នេះហើយអ្នកគួរតែយល់ដឹងបន្ថែម ដើម្បីឲ្យការហោះហើរគោលដៅបន្ទាប់របស់អ្នកកាន់តែមានសុវត្ថិភាព៖

ទី១.​ ភាពត្រជាក់នៅលើយន្តហោះមានប្រយោជន៍ដល់សុខភាព៖​ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការបាត់បង់ទំនាក់ទំនងរវាងសីតុណ្ហភាព និងសម្ពាធលើយន្ដហោះ បណ្តាលមកពី hypoxia ដែលបង្កើតបានជាខ្យល់ក្ដៅខ្លាំង នោះហើយជាមូលហេតុដែលសីតុណ្ហភាពខ្យល់ត្រូវបានរក្សាទុកត្រជាក់ ដូច្នេះអ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ណាដែលអាចផ្ដល់ភាពកក់ក្ដៅទើបល្អ។

ទី២. មូលហេតុដែលយន្តហោះមិនហោះហើរត្រង់បន្ទាត់៖ មូលហេតុដែលយន្តហោះ មិនហោះហើរត្រង់បន្ទាត់ទៅតាមផែនទីនោះ ព្រោះត្រូវហោះទៅតាមលក្ខណៈរបស់ផែនដី ម៉្យាងវិញទៀតនៅក្នុងករណីបន្ទាន់យន្តហោះត្រូវចុះចត ឬ ក៏បញ្ហាអាកាសធាតុផងដែរ ដូចនេះអ្នកមិនចាំបាច់ព្រួយបារម្ភនោះទេ។

ទី៣.គួរជ្រើសរើសសម្លៀកបំពាក់ដែលមានផាសុកភាព​៖ នៅពេលដែលអ្នកហោះហើរ សម្លៀកបំពាក់ដែលអ្នកគួរតែស្លៀកនោះ គឺប្រភេទសាច់ក្រណាត់ដែលអាចឲ្យខ្យល់ចេញចូលគ្រប់គ្រាន់ ឬសម្លៀកបំពាក់រាងរលុងៗ ដែលធ្វើឲ្យអ្នកមានផាសុកភាព ជាពិសេសនៅពេលគេង។

ទី៤.​កន្លែងដែលងាយស្រួលអង្គុយគឺ ជិតស្លាបយន្តហោះ៖ ការជិះយន្តហោះ ក៏ដូចជាការជិះឡានដែរ ផ្នែកខាងក្រោយរបស់វាគឺរលាក់ និងរង្គើ ដូច្នេះហើយប្រសិនបើអ្នកចង់មានភាពស្ងប់ស្ងាត់ និងងាយស្រួលក្នុងការហោះហើរ អ្នកគួរតែជ្រើសរើសកៅអីនៅជិតស្លាបយន្តហោះ។

ទី៥. អុកស៊ីសែនសម្រាប់ដកដង្ហើម មានត្រឹមតែ ១៥នាទីប៉ុណ្ណោះ៖ ប្រព័ន្ធអុកស៊ីសែនដែលមាននៅក្នុងយន្តហោះសម្រាប់អ្នកដំណើរក្នុងការដកដង្ហើមនោះ គ្រប់គ្រាន់សម្រាប់តែរយៈពេល ១៥ នាទីតែប៉ុណ្ណោះ តែសូមកុំបារម្ភ ឬ ភ័យស្លន់ស្លោរ ព្រោះរយៈពេលនោះ គ្រប់គ្រាន់សម្រាប់អ្នកបើកយន្តហោះ ដើម្បីនាំអ្នកទៅកម្ពស់ទាបដែលអ្នកអាចដកដង្ហើមបានធម្មតា។

Written By

Chan Sreyny