កាលពីកន្លងទៅថ្មីៗនេះ ករណីនារីម្នាក់ឈ្មោះ យិន ម៉ាណា បានបើករថយន្តទំនើបម៉ាក Range Rover បង្កគ្រោះថ្នាក់ដល់និស្សិតស្រីម្នាក់ស្លាប់យ៉ាងអណោចអធម បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមខ្មែរ។ ក្រោយមកសំណុំរឿងក្តីក៏ត្រូវបានបញ្ចប់ដោយជនបង្កបានយល់ព្រមសងសំណងចំនួន៧ម៉ឺនដុល្លារដល់គ្រួសារសព និងត្រូវឃុំខ្លួននៅក្នុងពន្ធធនាគារ ប៉េហ្ស៊ី។ នៅរសៀលថ្ងៃទី ១៧ ខែឧសភា នេះដែរតុលាការក៏សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កញ្ញា យិន ម៉ាណា ចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ ដោយ ១០ខែទៀត ត្រូវព្យួរ។

បើតាមការអនុវត្តទោស ដែលគិតចាប់តាំងពីកញ្ញា យិន ម៉ាណា ត្រូវបានឃុំខ្លួននាថ្ងៃទី ២៩ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ ការអនុវត្តច្បាប់ឃុំខ្លួននាង គឺនៅសល់តែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺគ្រប់រយៈពេល ២ខែហើយ ដោយកញ្ញា យិន ម៉ាណា នឹងអាចមានសេរីភាពឡើងវិញ ក្នុងចន្លោះថ្ងៃទី ២៩ ខែឧសភា ខាងមុខនេះ៕