ពិធីមង្គលការដ៏អាធិកអាធមរបស់តារាចម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាមួយនឹងប្អូនប្រុសថៅកែផលិតកម្ម បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកសារព័ត៌មានជាច្រើន បានតាមដានសកម្មភាពជាប់ជានិច្ចនៅក្នុងពិធីមង្គលការមួយនេះ។

ជាថ្មីម្តងទៀតដែរ នៅក្នុងពិធីមង្គលការ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាស មានការចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីធំៗជាច្រើននៅក្នុងជួររដ្ឋាភិបាល ហើយក៏មានការចូលរួមពីសំណាក់មិត្តសិល្បៈករ សិល្បៈការនី ជាច្រើនរូបដូចគ្នា។

មុននេះបន្តិចដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយឃ្លា ក្រោយពេលដែលពិធីសិរីមង្គលរបស់នាងបានបញ្ចប់ទៅដោយរលូន។ អ្នកនាង បានរៀបរាប់ថា៖ “ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងអនេកកប្បការ សម្រាប់ការផ្តល់វត្តមានដ៏ ឧត្តុង្គឧត្តម របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី នឹង សិល្បៈករ សិល្បៈការនី ព្រមទាំងភ្ញៀវកិត្តយសទាំងអស់

ដែលបានផ្តល់កិត្តិយសដល់ក្រុមគ្រួសារយើងខ្ញុំក្នុងការចូលរួមក្នុងពិធីមង្គមការកាលពីម្សិលមិញនេះ វត្តមានរបស់សម្តេចទាំងពីរ ពិតជាផ្តល់នូវមហាកិត្តិដល់ក្រុមគ្រួសារទាំងពីរ។ យើងខ្ញុំសូមខន្តីអភ័យទោស ប្រសិនបើការទទួលភាវរៈកិច្ច ស្វាគមន៍ មិនបានដិតដល់ត្រង់ចំណុចណាមួយ ហើយយើងខ្ញុំសូមជូនពរ សម្តេចទាំងពីរ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី នឹង សិល្បៈករ សិល្បៈការនីព្រមទាំងភ្ញៀវកិត្តយសទាំងអស់ សូមជួបនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។”