យោងតាមការបង្ហោះអោយដឹងនៅក្នុង Page Facebook របស់នាយព្រែក ដែលត្រូវជាកូនរបស់យាយយ៉យ បានអោយដឹងថា លោក ព្រហ្ម ម៉ាញ ត្រូវបានចោរគាស់ផ្ទះយកប្រាក់អស់៥ម៉ឺនដុល្លារ ហើយថែមទាំងលួចយកសំភារៈមានតម្លៃមួយចំនួន ដែលលោកខំប្រឹករកទាំងថ្ងៃយប់ទាំងលំបាកទៅបាត់ដោយសុវត្ថិភាពទៀតផង។ នាយព្រែកបានបន្ថែមថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការកំណត់មុខសញ្ញា ដើម្បីស្រាវជ្រាវវែកមុខចោរដែលបានគាស់ផ្ទះតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃជើងចាស់រូបនេះផងដែរ។

នៅលើទំព័រ Facebook នាយព្រែក បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ និង សំភារ:មានតម្លៃមួយចំនួនទៀត។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរាំសំន្សំបានប្រាក់នេះ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ”