កាលពីថ្មីៗនេះ វីជេ សុភា និងគូស្នេហ៍ស្រីស្អាត អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ បានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលជាខ្លាំងម្តងរួចមកហើយ ដោយអ្នកទាំងពីរបានដឹកដៃគ្នាផ្តិតមេដៃចុះអេតាស៊ីវិលស្ងាត់ៗ។ ក្រោយពីមានទំនាក់ទំនងស្នេហាជាច្រើនឆ្នាំរវាងអ្នកដឹកនាំ និងផលិតកម្មវិធីប្រចាំប៉ុស្តិ៍ទូរទស្សន៍ CTN និង MYTV ជាមួយពិធីការិនីស្រីរូបស្រស់ ណូម័រ គេសង្កេតឃើញថាមួយគូនេះតែងបណ្តើរគ្នាទៅណាមកណាត្រសងដូចជាលលកញីឈ្មោល។

ស្រាប់តែប្រហែលមុននេះបន្តិចអ្នកទាំងពីរក៏បានចែកធៀបអាពាហ៍ពិពាហ៍ជូនភ្ញៀវកិត្តិយសយ៉ាងស្ងាត់ៗ ដោយមិនមានបង្ហើបអ្វីឲ្យដឹងសោះឡើយ។ គួរបញ្ជាក់ឲ្យដឹងដែរថាឆ្នាំនេះអាចជាឆ្នាំមង្គលដ៏ប្រសើរមួយព្រោះ តារាប្រុសស្រីល្បីឈ្មោះជាច្រើននាក់នៅក្នុងរង្វង់សិល្បៈបានដឹកដៃគ្នាចូលរោងការ។ វីជេ សុភា និង ណូម័រ គឺជាគូស្នេហ៍បន្ទាប់ហើយដែលនឹងចូលរោងការនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ នេះ៕