បុរសម្នាក់ត្រូវភ្លើងឆេះខ្លោចប្រាណព្រោះតែបានជួយក្មេងស្រីមួយរូបគេចចេញពីការផ្ទុះហ្គាសឆេះឡាន នៅតាខ្មៅ បណ្តាលអោយត្រូវឆេះភ្លើងពេញខ្លួនស្ទើរបាត់បង់ជីវិត។ ជនរងគ្រោះមានឈ្មោះ ឃុត សំណាង អាយុ៥៣ឆ្នាំ នៅភូមិកំពង់សំបួរ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានព្យាបាលនៅ មន្ទីរពេទ្យ ព-២ (អតីតពេទ្យយោធា) ក្រុងបាត់ដំបង។ ក្រោយពីបានធ្វើការព្យាបាលអស់មួយរយៈ ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកMeng Leakna បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវបានមហាជនចាត់ទុកជាវិរៈបុរសបានធូរស្បើយ និងមានទឹកមុខស្រស់ស្អាតស្រស់ស្រាយជាងមុន។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះខ្ញុំបានមកសួសុខទុកបងប្រុសវិរបុរស ឃុត សំណាង ឥលូវគាត់ជាហើយ ស្អាតជាងមុន ខ្ញុំសប្បាយចិត្តណាស់បងខ្ញុំជាហើយ។ ខ្ញុំសូមអរព្រះគុណនិង អរគុណបងប្អូនសប្បុរសជន ស្រីប្រុស ក្នុង ក្រៅប្រទេស ដែលមានចិត្តអាណិត ស្រឡាញ់បងប្រុសគ្រប់គ្នាៗ។ សូមអរគុណនិងជូនបុណ្យ បងប្អូនគ្រប់គ្នាជាពិសេសបងប្រុស ឃុត សំណាងដែលជួយក្មេងស្រីឱ្យរួចផុតពីការស្លាប់ពីការផ្ទុះហ្គាសឡានឆេះ។ សូមឱ្យបងប្អូនសប្បុសជនទាំងអស់មានសុខភាពល្អនិងសូមបានជាបច្ច័យរួចផុតចាកទុក្ខ ទាំងពួងក្នុងក្រុមគ្រួសារគ្រប់ៗគ្នា”។ គួររំលឹកថាកាលពីពេលកន្លងទៅបុរសរងគ្រោះ ក៏ទទួលបានជំនួយពីសំណាក់សម្តេចតេជោហ៊ុន​ សែន​ និង​ សម្តេច​កតិ្តព្រឹទ្ធបណ្ឌិត ជាទឹកប្រាក់ចំនួន១មុឺនដុល្លារ៕