អ្នកស្រី Jenny Bui ដែលត្រូវបានគេស្គាល់ផងដែរថា ជា «Queen of Bling» បានបង្ហាញពីរឿងរ៉ាវជីវិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនរបស់គាត់ ក្នុងនោះរួមមានទាំងព្រឹត្តិការណ៍ដ៏រន្ធត់អំឡុងពេលកុមារភាពរបស់គាត់នៅក្នុងប្រទេសកម្ពុជា ដោយកាលនោះខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាទាំងមូល។ អ្នកស្រី Bui កើតនៅប្រទេសកម្ពុជានៅចុងទសវត្ស ឆ្នាំ១៩៧០ ដែលមានឪពុកជាចុងភៅ និងជាម្តាយជាអ្នកលក់ដូរតាមផ្លូវ ហើយគាត់មានបងប្អូនទាំងអស់ ៨ នាក់។ អ្នកស្រី Bui បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក Inside Edition ថា៖ «កុមារភាពរបស់ខ្ញុំពិតជាអាក្រក់ណាស់» «ខ្ញុំធ្លាប់ឃើញមនុស្សដើរជាន់គ្រាប់បែក ហើយស្លាប់នៅនឹងមុខខ្ញុំ។ វាពិតជាអាក្រក់ណាស់ សូម្បីតែសព្វថ្ងៃពេលខ្លះខ្ញុំនៅតែយល់សប្តិឃើញរឿងអាក្រក់អំពីកុមារភាពរបស់ខ្ញុំ»។

ជីវិតក្រុមគ្រួសាររបស់អ្នកស្រីបានប្រែប្រួល បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា នៅពេលគាត់មានអាយុតែ ៥ឆ្នាំ ប៉ុណ្ណោះ។ គាត់បានបន្តថា៖ «ខ្ញុំគ្មានទីជំរកទេ គ្មានអ្វីទាំងអស់ ខ្ញុំរស់នៅហាលខ្យល់ និងភ្លៀង។ ពួកយើងគ្មានស្បែកជើង គ្មានសំលៀកបំពាក់ គ្មានច្រាសដុសធ្មេញ ហើយក៏មិនមានអ្វីបរិភោគនោះទេ» «ត្រឹមមួយស្លាបព្រានៃអង្ករ យើងត្រូវបរិភោគគ្នា ៣០នាក់ ។ ពួកយើងបរិភោគដើមល្ហុង ដោយកាត់វាជាកង់ៗ និងកោសហូបផ្នែកខាងក្នុងរបស់វា ហើយវាធ្វើឱ្យមាត់របស់ពួកយើងឆ្លងមេរោគទៀតផង» ។ គាត់ធ្លាប់បានភៀសខ្លួនទៅប្រទេសថៃ នៅអាយុ ៨ឆ្នាំ ហើយត្រូវបានគេបំបែកចេញពីសមាជិកគ្រួសារមួយចំនួនទៀតផង។

អ្នកស្រី Bui បានរំឭកឡើងវិញពីរបៀបដែលរដ្ឋាភិបាលថៃបានដាក់ឱ្យពួកគេរស់នៅលើភ្នំមួយ ដែលគ្របដណ្ដប់ដោយគ្រាប់បែក ហើយប្រសិនបើអ្នកដើរខុសផ្លូវ អ្នកអាចនឹងជាន់គ្រាប់ផ្ទុះស្លាប់ជាមិនខាន។ គាត់ក៏បានរំឭកពីរបៀបដែលមនុស្សបានវាយតប់គ្នា និងស្លាប់ដោយសារដណ្តើមទឹកគ្នាផឹក។ វាកម្រមានណាស់ដែលនរណាម្នាក់អាចរកឃើញប្រភពទឹក ហើយបើទោះជារកឃើញក៏មានអ្នកផ្សេងមកលួចយកបន្ត។ អ្នកស្រីបាននិយាយថា អ្នកត្រូវតែជីករណ្តៅតូចមួយដើម្បីមានប្រភពទឹកតិចតួចសម្រាប់ផឹក ហើយពេលខ្លះមានគេមកលួចបន្តទៀតផង។ គាត់បានឃើញមនុស្ស ៧នាក់ បានវាយតប់ដណ្តើមទឹកគ្នា ហើយបន្ទាប់មកពួកគេក៏ជាន់ត្រូវគ្រាប់ផ្ទុះស្លាប់ភ្លាមនៅនឹងមុខគាត់។

បន្ទាប់មកគាត់ក៏បានភៀសខ្លួនទៅប្រទេសកាណាដា និងជាចុងក្រោយគឺប្តូរទៅតំបន់ Bronx របស់ទីក្រុង New York សហរដ្ឋអាមេរិក។ គាត់បានរៀនឯកទេសសំអាង (ធ្វើក្រចក) និងបានបើកកន្លែងផ្ទាល់ខ្លួនមួយ។ ដំបូងឡើយគាត់ធ្វើមិនបានស្អាតឱ្យភ្ញៀវនោះទេ ហើយថែមទាំងទទួលបានពាក្យប្រមាថពីពួកគេទៀតផង ប៉ុន្តែដោយជំនះនូវភាពលំបាកទាំងនេះ ហាងរបស់អ្នកស្រីក្លាយជាហាងមួយដ៏លី្បល្បាញ ដែលសូម្បីតែនាង Cardi B ជាតារាចម្រៀងអាមេរិក ក៏បន្តមកធ្វើក្រចកនៅសាខារបស់គាត់ ៦ឆ្នាំ មកហើយ។ សព្វថ្ងៃបណ្តាញសង្គម Instagram របស់គាត់មានអ្នក Follow រហូតដល់ទៅជាង ៧៥០,០០០ ឯណោះ ដោយសារមានការជំរុញឱ្យបង្ហោះពីស្នាដៃរបស់គាត់ដោយអ្នកស្រី Yandy Smith ដែលជាផលិតករខ្សែភាពយន្តរបស់អាមេរិកម្នាក់៕ អត្ថបទ៖ លីដា ប្រភព៖ nextshark