កាលពីពេលថ្មីៗនេះតារាសម្តែងថៃលោក Nadech បានរៀបចំកម្មវិធីប្រគុំតន្រ្តីផ្ទាល់ខ្លួនដែលមានការចូលរួមសម្តែងជាមួយនឹងគូស្នេហ៍គឺនាង Yaya អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះអ្នកទាំងពីរបានច្រៀងបទ Versace on the floor បង្ហាញនូវក្បាច់រាំស្រើបស្រាល ក្រោមសម្លេងស្រែកហ៊ោពីអ្នកគាំទ្រដែលបានទស្សនាផ្ទាល់។

ក្នុងនោះផងដែលអតីតតារាសម្តែង ស្រីម៉ុច ដែលមាននាមជាដូនជីកាកី និងមានឈ្មោះពិត សា​វ៉ាត ​សុវណ្ណី បានធ្វើការបញ្ចេញមតិក្រោយពីបានទស្សនាវីដេអូតារាសម្តែងថៃបានសម្តែងនៅលើឆាក។ ដោយអ្នកនាងបានសរសេររៀបរាប់ថា៖ “ហាហាសាកខ្មែរមាន concert ចឹងមើល ដឹងតែតួសំដែងហ្នឹងត្រូវគេជេរទាល់តែចងកសំលាប់ខ្លួនឯង ព្រោះតែទ្រាំហ្នឹងការជេរប្រទិចមិនបាន។ ខ្ញុំសូមសសើរគេដោយស្មោះ ចំពោះការរីកចំរើនគ្រប់វិសយ័។ បើគេគោរពស្ដេចគេវិញលូនតាំងពីមាត់ទ្វារ ចឹងអីអត់មើលឃើញទេ មើលឃើញតែអារឿងណាគេរាងដើរលើសខ្លួនឯងតិច ចាប់ផ្ដើមចលាចល។ តួសំដែងគេ គេចេះលើកគ្នាគេណាស់ ។ ខ្ញុំនិយាយក្នុងនាមជាប្រជាជន ម្នាក់ប៉ុណ្ណោះ មិនសសើរមិនបាន”។

គួររំលឹកថាអតីតតារាសម្តែង ស្រីម៉ុច ឈ្មោះពិត សា​វ៉ាត ​សុវណ្ណី ធ្លាប់មានរឿងរ៉ាវស្លៀក​ពាក់​សិច​ស៊ីនៅក្នុងកម្មវិធីមួយ រហូតក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បាន​ចេញ​លិខិត​ផ្លូវ​ការ ព្រមាន​លើ​អតីត​តារា​សម្ដែងស្រីរូបនេះ។ ប៉ុន្តែអតីតតារាសម្តែង ស្រីម៉ុច ក៏បានចេញលិខិតតបទៅថាខ្លួនបានបញ្ចប់អាជីពជាអ្នកសិល្បៈតាំងពីឆ្នាំ២០០៨ មកម្ល៉េះ ដោយសព្វថ្ងៃអ្នកនាងស្រីម៉ុច កំពុងតែរស់នៅឯប្រទេសសឹង្ហបុរី៕