តារាកំប្លែង ​នាយ ពែកមី បាន​ចាប់​យក​ឱកាស​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​វិថី​សិល្បៈ​កំប្លែង រហូតក្លាយជាតារាចម្រៀង និងក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ។ ជាក់ស្តែងណាស់តារាកំប្លែងមានកូនប្រុសស្រីចំនួន៣រូប ហើយប្រិយមិត្តក៏បានជ្រាបរួចមកហើយថាដោយចង់ឲ្យកូនៗដើរតាមគន្លងផ្លូវរបស់ខ្លួន ពែកមី បាននាំកូនៗរបស់ខ្លួនឡើងឆាកសម្តែងជាបន្តបន្ទាប់ និងថែមទាំងបានសម្តែងនៅក្នុងខ្សែភាពយន្តថែមទៀតផង។

ជាការពិតណាស់ថ្មីៗនេះ ពែកមី បាននាំកូនស្រីច្បងរបស់ខ្លួនមកថតរឿង “សម្រែកកូនតាសក្កិ៥” អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅក្នុងការថតរឿងលើកនេះគឺតម្រូវឲ្យកូនស្រីរបស់នាយ ពែកមី ថតឈុតដែលរន្ធត់ជាច្រើន។ ជាក់ស្តែងនៅក្នុងវីដេអូដែល ពែកមី បានបង្ហោះគឺសកម្មភាពកូនស្រីរបស់ខ្លួន ចុះទៅក្នុងអណ្តូងទឹកដែលមានជម្រៅ២ម៉ែត្រ ដោយពែកមីបានសរសេររៀបរាប់ថា៖ “ដេីម្បី​ កុន​ទ្រាំទៅកូន​ អាណិតកូនណាស់​ (ថតរឿង​ សម្រែកកូនតាសក្កិ៥)”។ ពែកមី ក៏បានបញ្ជាក់ថាអណ្តូងមានជម្រៅតែ២ម៉ែត្រ និងជាអណ្តូងធ្វើថ្មី ហើយលោកក៏បានដាក់កង្ហានៅពីលើផងដែរ។ ក្រោយពីបានបង្ហោះវីដេអូមួយនេះមានមហាជនជាច្រើនបង្ហាញក្តីអាណិត និងកោតសរសើរចំពោះសមត្ថភាពរបស់កូនស្រីនាយពែកមី ដែលហ៊ានលះបង់ការភ័យខ្លាច ខិតខំសម្តែងឲ្យអស់ពីសមត្ថភាពទាំងខ្លួននៅវ័យក្មេង៕