កាលពីថ្មីៗនេះ ផ្ទុះការរិះគន់ពេញបណ្តាញសង្គមក្រោយពេលដែល ឌីជេស្រីម្នាក់មកពីរដ្ឋ California បានចេញវីដេអូធ្វើសកម្មភាពទាញភ្នែកឲ្យតឹងនិងតូចដូចជនជាតិអាស៊ី។ ដើមហេតុដំបូងគឺ ឌីជេស្រី ដែលមានឈ្មោះថា Sofia Valentini បានបង្ហោះវីដេអូនៅក្នុងគណនី Instagram របស់ខ្លួន ដោយនាងបានកាន់ចានមី ស្តាប់ និងរាំតាមបទ “Kill This Love” របស់ក្រុម BLACKPINK ហើយនាងបានយកដៃទាញភ្នែកទាំងគូរបស់នាងឲ្យមើលទៅរាងតូចដូចជនជាតិអាស៊ី។ នេះបានបង្កជាហេតុធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់ក្រុម BLACKPINK ខឹងសម្បារជាខ្លាំងរហូតមានការរិះគន់ពេញបណ្តាញសង្គម។

ក្រោយមកឌីជេ Sofia Valentini បានធ្វើការសុំទោសជាសាធារណៈថា «ខ្ញុំសុំទោសដែលខ្ញុំមិនបានផាត់មុខបន្ថែមឲ្យវាមើលទៅឃ្យូតជាងនេះ សុំទោសដែលប្រើសមជំនួសចង្កឹស និងមិនបានលាយគ្រឿងនិងប្រេងគ្រប់គ្រាន់ឲ្យមីរបស់ខ្ញុំ»។ នាងបន្តថា «ខ្ញុំក៏សុំទោសចំពោះរឿងអស់ទាំងនេះប្រសិនបើខ្ញុំធ្វើឲ្យនរណាម្នាក់ឈឺចាប់ដោយសារខ្ញុំ។ ប៉ុន្តែខ្ញុំធានាថាមីដែលខ្ញុំញ៉ាំគឺនឹងមិនស្ងួត ហើយដើមទ្រូងរបស់ខ្ញុំក៏មិនតូចនោះដែរ។ ខ្ញុំនឹងធ្វើវីដេអូញ៉ាំនំប៉ាវម្តងលើកក្រោយ វាប្រហែលជាអាចឡូយជាងនេះ»។ នាងបញ្ចប់ក្តីសុំទោសដោយបន្ថែមថា «ខ្ញុំនឹងបន្ថែមសំលេង Tune ជាមួយនឹងការ Remix បន្ថែមលើចំរៀងដើមរបស់ក្រុម BLACKPINK ដើម្បីឲ្យការសុំទោសរបស់ខ្ញុំចំពោះអ្នកគាំទ្រក្រុម BLACKPINK វាមើលទៅប្រសើរជាងនេះ និងសុំអរគុណចំពោះការឆ្លើយតប ជាមួយនឹងខំមិនដែលមានភាពច្នៃប្រឌិត។ ខ្ញុំសុំទោសព្រោះខ្ញុំមិនដឹងថាត្រូវលុបខ្លួនឯង ឬក៏ត្រូវសម្លាប់ខ្លួនឯងនោះទេ»។ ការសុំទោសនេះវាហាក់រឹតតែធ្វើឲ្យមហាជន និងប្រិយមិត្តអ្នកគាំទ្ររឹតតែខឹងខ្លាំងជាងមុន ព្រោះវាហាក់ដូចជានាងមិនបានដឹងកំហុសដែលខ្លួនធ្វើ តែចេញសុំទោសដើម្បីបញ្ចប់រឿងនេះទៅវិញ៕ ប្រភព៖ Allkpop