កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Van Soroth បានបង្ហាញនូវរឿងរ៉ាវដែលមានសាច់ញាតិមានជម្ងឺធ្ងន់ធ្ងរ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះយោងតាមប្រភពដដែលបានឲ្យដឹងថា ក្រោយខាងពេទ្យរុស្សីរកមិនឃើញថាមានជម្ងឺអ្វី ទាំងដែលបងប្រុសរបស់លោកមានបញ្ហានោមរហូតដល់ធ្លាក់ឈាម ដោយសម្រាកព្យាបាលមិនឃើញមានអ្វីប្រសើរឡើង ហើយអ្នកជម្ងឺកាន់តែធ្ងន់ ក្រុមគ្រួសារក៏សម្រេចបញ្ជូនទៅមន្ទីរពេទ្យនៅឯប្រទេសវៀតណាម។

ប្រភពដដែលបានឲ្យដឹងថា ពេទ្យនៅខ្មែររកមិនឃើញមានជម្ងឺ ប៉ុន្តែនៅពេលទៅដល់វៀតណាម គេរកឃើញបញ្ហារលាកតំរងនោមធ្ងន់ធ្ងរ ហូរឈាមច្រើនពេកធ្វើអោយសរសៃឈាមស្ងួត និងស្វិត។ នេះបើយោងតាមគណនីហ្វេសប៊ុក Van Soroth បានសរសេរសាររៀបរាប់យ៉ាងដូច្នេះថា៖ “ប៉ះសាច់ខ្លួនឯងទើបដឹងថាឈឺចាប់យ៉ាងណាថាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ហៅមន្ទីរពេទ្យរុស្សី)យ៉ាងមិច បើសិនជាក្រុមគ្រួសាររបស់ខ្ញុំមានការយឺតយ៉ាវក្នុងការបញ្ចូនបងប្រុសរបស់ខ្ញុំទៅសង្រ្គោះបន្ទាន់នៅប្រទេសវៀតណាមច្បាស់ជាម៉ោងនេះខ្ញុំកំពុងធ្វើបុណ្យសពអោយបងប្រុសរបស់ខ្ញុំហើយ”។

ក្រោយពីមានការបង្ហោះនូវករណីនេះមានមហាជនជាច្រើនសម្តែងខកចិត្តជាខ្លាំងចំពោះបញ្ហានៅមន្ទីរពេទ្យរុស្សី ជាពិសេសវិស័យសុខាភិបាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់ទំនុកចិត្ត។ ក្នុងនោះក៏មានការសំណូមពរពីមហាជនឲ្យមានការបកស្រាយពីសំណាក់មន្ទីរពេទ្យ នឹងពង្រឹងលេីកកម្ពស់វិស័យសុខាភិបាល​៕