បច្ចុប្បន្ននៅពេលដល់ថ្ងៃឈប់សម្រាកពីការងារម្ដងៗ ការធ្វើដំណើរកំសាន្តជាមួយគ្រួសារ​ ឬ មិត្តភក្កិទៅក្រៅប្រទេសកំពុងតែមានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះតែចង់ដឹង និងសិក្សាស្វែងយល់ ជាពិសេសលំហែអារម្មណ៍ជាមួយនឹងអ្វីដែលថ្មីៗ ហើយប្លែក។ លើសពីនេះនៅក្នុងដំណើរកំសាន្តនីមួយៗ តែងតែមានការថតរូបទុកជាអនុស្សាវរីយ៍ ប៉ុន្តែនៅក្នុងប្រទេសមួយចំនួនការថតរូបក៏អាចធ្វើឲ្យអ្នកល្មើសនឹងច្បាប់ផងដែរ ដូចនេះអ្នកគួរតែជៀសវាងនៅចំណុចខាងក្រោមនេះ៖

ទី១.ប្រទេសកូរ៉េខាងត្បូង៖​ នៅក្នុងប្រទេសនេះត្រូវបានហាមឃាត់មិនឱ្យថតរូបស្ត្រីដោយគ្មានការយល់ព្រមពីពួកគេ សូម្បីតែនៅកន្លែងសាធារណៈ ការមិនគោរពតាមច្បាប់នេះត្រូវបានគេចាត់ទុកថាជាទង្វើនៃការឈ្លានពានខាងផ្លូវភេទ ហើយត្រូវបានផ្តន្ទាទោសដោយការផាកពិន័យ 10 លានវ៉ុន (8,800 ដុល្លារអាមេរិក) និងជាប់គុករហូតដល់ 5 ឆ្នាំ។

ទី២.​ប្រទេសអារ៉ាប់រួម៖ នៅក្នុងប្រទេសអារ៉ាប់រួមការថតរូបនៅកន្លែងដែលហាមឃាត់អាចបណ្តាលឱ្យជាប់គុកពី 1 ទៅ 3 ខែនិងពិន័យជាប្រាក់ 1.361 ដុល្លារ ដោយនៅក្នុងទីតាំងជាច្រើនវាត្រូវបានហាមឃាត់មិនឱ្យប្រើកាមេរ៉ាដោយសារតែជំនឿ ដូចជាអាគាររដ្ឋាភិបាល ស្ពានមួយចំនួន និងព្រះបរមរាជវាំងរបស់ស្ហិក ជាដើម។

ទី៣.ប្រទេសអង់គ្លេស៖ នៅក្នុងប្រទេសអង់គ្លេស ការថតរូបអាចទូលំទូលាយជាជាងប្រទេសផ្សេងៗ ដូច្នេះអ្នកអាចថតរូបបែបកំសាន្តសប្បាយគ្រប់ទីកន្លែង ប៉ុន្តែប្រសិនបើការថតផ្សាយពាណិជ្ជកម្ម ត្រូវបានហាមឃាត់ ប្រសិនបើមិនមានការអនុញ្ញាតពីអភិបាលទីក្រុងឡុងដ៍។

ទី៤.ប្រទេសជប៉ុន៖ នៅក្នុងប្រទេសជប៉ុនត្រូវបានហាមឃាត់មិនឲ្យអ្នកថតរូបប្រាសាទ និងរូបចម្លាក់ណាមួយឡើយ ជាពិសេសការថតជាវីដេអូដែលបង្កសម្លេងរំខាន ព្រោះជនជាតិជប៉ុនមានជំនឿថាជាការរំខានដល់វិញ្ញាណ។

ទី៥.ប្រទេសអាល់ហ្សេរី៖ ប្រទេសអាល់ហ្សេរី គឺជាប្រទេសអភិរក្ស និងប្រកាន់ប្រពៃណីរបស់ខ្លួនយ៉ាងខ្លាំង ជាពិសេសភាគខាងត្បូងនៃប្រទេស ដោយអ្នកអាចថតរូបមនុស្សបានលុះត្រាតែមានការយល់ព្រមពីពួកគេ ជាពិសេសស្ត្រីអាចថតរូបបានលុះត្រាតែមានការយល់ព្រមពីស្វាមី ឬឪពុករបស់ពួកគេដោយសារពួកគេត្រូវបានចាត់ទុកថាជាវត្ថុដ៏មានតម្លៃ។

ប្រភព៖ Brightside