មានករណីចោរឆក់ទូរស័ព្ទរបស់ជនបរទេសម្នាក់ដែលទើបតែមកលេងប្រទេសកម្ពុជាជាលើកដំបូង ខណៈដែលកំពុងឈរនិយាយទូរស័ព្ទ សំណាងល្អក៏ត្រូវបានបុរសម្នាក់ជាម្ចាស់រថយន្ត Pirus ដេញបំបុកចោរប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ជី ម៉ាប់ អាយុ២៥ឆ្នាំ និង អ្នកបើកម៉ូតូមានឈ្មោះ សម្បត្តិ អាយុ៣០ឆ្នាំ បានរងរបួសធ្ងន់ក្រោយត្រូវបានម្ចាស់រថយន្ត Pirus ប្រដេញតាមជនសង្ស័យដែលធ្វើសកម្មភាពឆក់ធ្វើឲ្យចោរស្លន់ស្លោរហូតបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង ចំណែកទូរស័ព្ទជនរងគ្រោះម៉ាក Oppo F11-Pro ត្រូវខូចខ្ទេចខ្ទី។

បុរសបរទេសម្ចាស់ទូរស័ព្ទជាជនជាតិស្វីស ​បានថ្លែងការកោតសរសេីរចេញពីបេះដូង​ ដែលមានអត្ថន័យសម្រាប់ប្រទេសកម្ពុជាថា ទោះបីមានរឿងនេះកេីតឡេីង​ចំពោះគាត់ក៏ដោយ តែរូបគាត់ពិតជាអរគុណប្រជាជនខ្មែរដែល​សហការគ្នាជួយចាប់ចោរ​ឆក់ទូរស័ព្ទ​របស់គាត់​ គាត់សរសេីរទៀតថា នេះមិនដល់១០នាទីទេ គឺឃេីញមានប៉ូលិស​មកភ្លាមៗ​ និងក្រុមអ្នកសារព័ត៍មានថែមទៀតផង។​ ពិតជាលឿន​មែន ហេីយជាពិសេសអរគុណម្ចាស់រថយន្ត Pirus យ៉ាងខ្លាំង​ ដែលចាត់ទុកជា Hero សម្រាប់គាត់​ ទាំងនេះជាការផ្តល់នូវកម្លាំងចិត្តដែលមិនអាចបំភ្លេចបានពីសំណាក់ប្រជានជនកម្ពុជា ជាចុងក្រោយ​គាត់សូមថ្លែងអំណរគុណម្តងទៀត និងជូនពរ​អ្នកទាំងអស់គ្នានៅតែបន្តការងារទៅមុខ​ ប្រកដដោយ​ជោគជ័យ។ ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រភព៖ បង ម៉េង អ្នកសារព័ត៌មាន