ប៊ិច និង ខ្មៅដៃមិនត្រឹមតែជាសម្ភារៈសិក្សាដ៏មានប្រយោជន៍នោះទេ តែមានគុណសម្បត្តិយ៉ាងច្រើនបើយើងចេះកែច្នៃវា​ ឲ្យក្លាយទៅជារបស់របរប្រើប្រាស់ផ្សេងៗ ដោយមិនចាំបាច់បោះវាចោលនៅពេលដែលមិនអាចប្រើការបាន។ យ៉ាងណាមិញថ្ងៃនេះ យើងនឹងបង្ហាញពីរបៀប ៤ យ៉ាងងាយៗ ក្នុងការកែច្នៃប៊ិចឲ្យកាន់តែមានប្រយោជន៍ ដោយអ្នកអាចសាកល្បងអនុវត្តដូចខាងក្រោម៖

ទី១.ដើមប៊ិច៖ នៅពេលដែលប៊ិចរបស់អ្នកអស់ទឹក ឬ ខូចមិនអាចប្រើបានទៀត អ្នកអាចច្នៃវាទៅជាឧបរករណ៍បាញ់ទឹកក្នុងសួន ដោយគ្រាន់តែយកដបទឹកសុទ្ធមកចោះជាប្រឡោះតូចៗ ឲ្យច្រើនបន្តិចហើយយកដើមប៊ិច ដាក់ចូលប្រឡោះតូចទាំងនោះ បន្ទាប់មកយកវា​ទៅភ្ជាប់ជាមួយទុយោបាញ់ទឹក ហើយដាក់ក្នុងសួនរួចជាការស្រេច។

ទី២.គំរបប៊ិច៖ គំរបប៊ិចក៏មានប្រយោជន៍ក្នុងការច្នៃធ្វើជា ឧបករណ៍បញ្ឈរទូរស័ព្ទផងដែរ ដោយគ្រាន់តែយកគំរបប៊ិចចំនួនពីរ មកកាត់ផ្នែកកណ្ដាលឲ្យប៉ុនគ្នា ជាមួយនឹងទំហំទូរស័ព្ទ ហើយសៀតទូរស័ព្ទចូលក្នុងប្រឡោះ អ្នកនឹងមិនចាំបាច់កាន់ទូរស័ព្ទពេលមើលវីដេអូ ឬ មើលរឿងកំសាន្តផ្សេងៗទៀតទេ។

ទី៣.ខ្មៅដៃ៖ អ្នកអាចច្នៃខ្មៅដៃធ្វើជារូបត្រាស្អាតៗបាន ដោយគ្រាន់តែកាត់ជ័រលុប ដែលនៅផ្នែកខាងលើនែខ្មៅដៃ ជារូបផ្សេងៗដែលអ្នកចង់បានដូចជា រូបបេះដូង ឬ រូបផ្កាយជាដើម បន្ទាប់មកយកវាទៅផ្ដិតជាមួយត្រាពណ៌ អ្នកអាចប្រើវាបានជាមួយសំបុត្រ ឬ កាតជូនពរបានយ៉ាងស្រស់ស្អាត។

ទី៤.រុឺស័រប៊ិច៖ ប្រសិនបើខ្សែឆ្នាំងសាករបស់អ្នកងាយនឹងដាច់នៅផ្នែកខាងគល់ អ្នកអាចជួសជុលឡើងវិញបាន ដោយគ្រាន់តែយករុឺស័រប៊ិច មករុំកន្លែងដែលដាច់នោះ បន្ទាប់មកយកស្កុតមករុំពីលើ ដើម្បីកុំឲ្យឆក់ វានឹងលែងដាច់ ហើយអាចបត់បែនបានយ៉ាងងាយទៀតផង។