ទារកដែលទើបនឹងកើត ត្រូវបានទទួលការថ្នាក់ថ្នម និងមើលថែ យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ឪពុកម្ដាយ ព្រោះកូនតូចៗទាំងនោះងាយនឹងរងនូវផលប៉ះពាល់ផ្សេងៗ ដល់សុខភាពប្រសិនបើការមើលថែមិនបានត្រឹមត្រូវ។ ជាក់ស្ដែងទោះបីជាទារកដែលកើតមកមិនអាចនិយាយបានក្រៅពីយំ តែពួកគេអាចបង្ហាញចេញនូវកាយវិការមួយចំនួនទៅកាន់ឪពុកម្ដាយ នូវអី្វដែលពួកគេចង់បានដូចជា៖

ទី១.ពើងខ្នង៖ ចំពោះទារកដែលកើតបានរយៈពេល ២ ខែ តែងតែងពើងខ្នងជាញឹកញាប់ ប៉ុន្តែបើនៅពេលដែលអ្នកកំពុងបំបៅទឹកដោះគោ ឬ បញ្ចុកអាហារពួកគេ មានន័យថាពួកគេឆ្អែត ឬ​ មិនចូលចិត្តអាហារទាំងនោះ។

ទី២.ក្រវីក្បាល៖ នៅពេលដែលកូនតូចៗរបស់អ្នក តែងតែក្រវីក្បាលបានន័យថាពួកគេ មានអារម្មណ៍ងងុយគេង ឬ នៅពេលដែលមានមនុស្សចម្លែកពរ ឬ បី ក្រៅពីឪពុកម្ដាយពួកគេ ដែលវាជាសញ្ញាថាពួកគេត្រូវការជំនួយពីអ្នក។

ទី៣.យកដៃប៉ះត្រចៀក៖ កាយវិការយកដៃប៉ះ ឬ ត្រដុសត្រចៀករបស់ទារកវាជារឿងធម្មជាតិ ព្រោះពួកគេចង់ប៉ះពាល់រាងកាយរបស់ខ្លួន ប៉ុន្តែប្រសិនបើពួកគេ ត្រដុះត្រចៀក ហើយយំខ្លាំងៗ អ្នកគួរតែយកពួកគេទៅជួបគ្រូពេទ្យដើម្បីស្វែងរកប្រភពនៃបញ្ហានេះ ព្រោះអាចបណ្ដាលមកពីការកើតជំងឺផ្សេងៗ។

ទី៤.ក្ដាប់ដៃ៖ កាយវិការក្ដាប់ដៃ ឬ លាដៃរបស់ទារកបង្ហាញពីការឃ្លានអាហារ ដូច្នេះប្រសិនបើទារកក្ដាប់ដៃមានន័យថាពួកគេឃ្លាន ហើយបើសិនជាដៃរបស់ពួកគេលា បង្ហាញថាពួកគេ​ឆ្អែតហើយ ត្រូវការគេង។

ទី៥.លើកជើងទាំងពីរឡើងខ្ពស់៖ ក្នុងកំឡុងពេលប៉ុន្មានខែដំបូងស្ទើរតែគ្រប់រកទាំងអស់ ប្រាកដជាមានការឈឺចាប់ផ្នែកក្បាល និងផ្ចិត ដូច្នេះពួកគេ តែងតែលើកជើងទាំងសងខាងឡើងលើ ដើម្បីកាត់បន្ថយការឈឺចាប់នេះ។